(កណ្តាល)៖ លោក ហាក់ សុខមករា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសមាជិក សមាជិកាគណបក្ស នៅភូមិព្រែលថី និងព្រែកសំរោង សង្កាត់រការខ្ពស់ ដើម្បីបង្រៀនគូសសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ និងបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឱ្យការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយនឹងការខិតខំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋក្នុងភូមិព្រែកថី និងភូមិព្រែកសំរោង ក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដែលកាលពីកន្លងទៅរងគ្រោះបាក់ច្រាំងដោយសារជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានប្តេជ្ញាបោះឆ្នោតជូនគណក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ ដើម្បីបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា ក៏បានជំរុញឱ្យក្រុមការងារបន្តនាំសារសំខាន់របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនទៅកាន់ប្រជាពលរដ្ឋឱ្យបានជ្រួបជ្រាត ចុះឱ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឱ្យបានទាំងកាយ ចិត្ត និងបេះដូង ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

លោក ហាក់ សុខមករា បានណែនាំឱ្យក្រុមការងារបន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឱ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនា ស្វែងរកសំឡេងឆ្នោតឱ្យបានសកម្មបំផុត។

លោក ហាក់ សុខមករា ក៏បានប្រាប់ឱ្យគូសលើសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត៕