(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកបរិច្ចាគឈាម ១៤ មិថុនា ២០២៣ ក្រោមប្រធានបទ “ផ្តល់ឥឡូវនេះ ផ្តល់ដោយស្ម័គ្រចិត្ត ផ្តល់អោយបានច្រើនដង អរគុណចំពោះការជួយសង្រ្គោះជិវិតខ្ញុំ“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ , មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ជាច្រើនរូប។
ក្រោយខកខាន ប៉ុន្មានឆ្នាំចុងក្រោយ ដោយសារ វិបត្តិនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោកនិយាយជារួម កម្ពុជានិយាយដោយឡែក ដែលមិនបានចូលរួមប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឡើយ។ ដូច្នេះសម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមើលឃើញពីការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជីវិតអ្នកជំងឺ ដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។
ជាក់ស្តែង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រារព្ធធ្វើទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម១៤ មិថុនា នេះឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ព្រោះថាសព្វថ្ងៃនេះ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជាយើង នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ទាមទារអោយមានការផ្តល់ឈាមស្ម័គ្រចិត្ត បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងជួយសង្គ្រោះអ្នកជំងឺយើងទាន់ពេលវេលា៕