(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិចំនួន២ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។
ការចុះសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខប្រជាពលរដ្ឋ និងបង្រៀនរបៀបគូសក្នុងសន្លឹកឆ្នោត និងបង្ហាញពីសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដោយមិនមានគណបក្សណាបានកសាង ដូចគណបក្សប្រជាជនឡើយ។
ជាមួយគ្នានេះ គណបក្សប្រជាជន ក៏បានបង្ហាញបេក្ខភាពបន្តវេន លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនមានគណបក្សហ៊ានបង្ហាញបែបនេះឡើយ។
ក្នុងឱកាសនោះដែរ លោក សេរី កុសល បានជម្រាបអំពីមូលហេតុ ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺក្នុងកាលៈទេសៈនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឱ្យប្រជាជនមានជីវភាពរីកចម្រើន។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅភាពរីករាយ ហើយក៏មានការហូបនំបញ្ចុក និងការ៉េមកី រួមគ្នា ដើម្បីបង្ហាញពីការសាមគ្គីភាព និងមិត្តភាពផងដែរ។
ជារៀងរាល់ថ្ងៃលោក សេរី កុសល និងសហការី តែងតែចុះជួបប្រមូលផ្តុំប្រជាពលរដ្ឋតាមភូមិ គ្រប់រូបភាពចាប់ពី ១០០នាក់ រហូតដល់៥០០នាក់ ក្នុង១ថ្ងៃទាំងព្រឹក ទាំងល្ងាច ដើម្បីត្រួតពិនិត្យឡើងវិញ ពីលទ្ធផលនៃការងារ និងការបោះឆ្នោតគ្រប់បណ្តាឃុំនានានៃស្រុកភ្នំស្រុក។
សូមជម្រាបថា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកក្កដាមក លោក សេរី កុសល និងក្រុមការងារ បានចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកភ្នំស្រុក ដើម្បីពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ អំពីគោលនយោបាយអាទិភាព របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីធានាភាពឈ្នះ នៅក្នុងពេលឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕