(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ ឬភាពមិនប្រក្រតីណាមួយកើតឡើង ពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មកនិយ័តករអាជីវកម្មអចលនវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះ។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេត ស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។
ក្នុងន័យនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយកើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨F (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ ០១១ ៥៩៨ ៣៧២ និង ០៦៩ ៥១៧ ១៨៦៕