(កំពង់ចាម)៖ លោកស្រី គឹម សេដ្ឋានី អនុប្រធានក្រុមការងារ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានបន្តជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកស្រី គឹម សេដ្ឋានី បានរំលឹកពីការលះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិបានរីកចម្រើនរុងរឿងដូចសព្វថ្ងៃ។
លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ពិសេសបោះឆ្នោតជូនគណបក្សប្រជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិយើង។
លោកស្រី គឹម សេដ្ឋានី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ជាក់ស្តែង ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានស្រុកកងមាស មានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដូចជា សាលារៀន ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងការបន្តសាងសង់សមិទ្ធផលផ្សេងៗ ជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើដល់សេចក្ដីត្រូវការចាំបាច់របស់សហគមន៍ទាំងមូល។
ជាមួយគ្នានោះ សមាជិក សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងស្រុកកងមាស បានប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានសាទរចំពោះសមិទ្ធផលដែលសម្រេចបាននានាលើគ្រប់វិស័យ វិស័យអប់រំ សុខាភិបាល ពុទ្ធចក្រ សេវាសាធារណៈ និងមានហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ៕