(ឥណ្ឌូណេស៉ី)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកលោក Anniken Huitfeldt រដ្ឋមន្ត្រីការបរទេសន័រវេស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានកោតសរសើរអំពីវឌ្ឍនភាព នៃភាពជាដៃគូសន្ទាតាមវិស័យរវាងអាស៊ាន និងន័រវេស ព្រមទាំងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេស នៃវេទិកាតំបន់អាស៊ាន បានចូលរួមសម្ដែងការគួរសម ចំពោះលោក ចូកូវីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ី នៅឆ្នាំនេះ ក្នុងគោលដៅសម្រេចនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។

លោកបណ្ឌិតអគ្គលេខាធិការអាស៊ាន បានបន្ដអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ ។ កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

នៅថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រីភាគីរវាងឥណ្ឌូណេស៊ី ន័រវេស និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ន័រវេស ព្រមទាំងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។

បន្ថែមពីនេះ លោកបណ្ឌិ កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានកត់សម្គាល់អំពីការវិវត្តន៍ជាវិជ្ជមាន នៅក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

លោកបណ្ឌិត បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស ព្រមទាំងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។

លើសពីនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំនោះ តំណាងទាំង២៧ ប្រទេសបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃវេទិកាតំបន់អាស៊ាន ដែលជា វេទិកាដ៏សំខាន់សម្រាប់កិច្ចសន្ទនាសន្តិសុខនៅក្នុងតំបន់៕