(មីយ៉ាន់ម៉ា)៖ ប៉ូលិសមីយ៉ាន់ម៉ា បានរឹបអូសថ្នាំយ៉ាបា (ថ្នាំឆ្កួត) ចំនួន៣៤,០០០គ្រាប់ ជាមួយនឹងតម្លៃ៨៤៣,១៧០ដុល្លារសហរដ្ឋអាមេរិក នៅឯអាកាសយាន្តដ្ឋានអន្តរជាតិ Yangon។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្រុមអាជ្ញាធរបានចាប់ថ្នាំប្រភេទនេះបាន ពីស្ត្រីវ័យ២៤ឆ្នាំម្នាក់ ដែលគ្រោងនឹងនាំយកតាមជើងហោះហើរ MH-741 នៃក្រុមហ៊ុនអាកាសចរ Malaysia Airlines ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាមមន្ត្រីមួយរូបនៅទីក្រុង Yangon បានបញ្ជាក់យ៉ាងដូច្នេះ។ ស្ត្រីដែលត្រូវបានឃាត់ខ្លួននេះ មកពីតំបន់ Ayawaddy នឹងត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីនេះ។
យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា វាមាន៦,៤១៤ករណីពាក់ព័ន្ធនឹងថ្នាំញៀន នៅក្នុងឆ្នាំ២០១៥ និងមាន៣,២៤៤ករណី គិតពីដើមឆ្នាំ រហូតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះក្រុមអាជ្ញាធរ រឹបអូសបានថ្នាំញៀនហេរ៉ូអ៊ីន១៦៨គីឡូក្រាម, អាភៀន៨០០គីឡូក្រាម, ថ្នាំឆ្កួត៤៩លាន នៅក្នុងឆ្នាំ២០១៥ ខណៈ១០០គីឡូក្រាម នៃអាភៀន និង៤៣លានថ្នាំឆ្កួត ត្រូវបានរឹបអូសគិតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ៕