(កំពង់ធំ)៖ ថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបន្តថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញសម្គាល់ និងបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាការពារបានសុខសន្តិភាព ជាអចិន្ត្រៃយ៍ជូនប្រទេសជាតិ។
លោកបណ្ឌិត ថោង ខុន បានលើកឡើងដូចនេះនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅភូមិខ្លុយកើត ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថា គណបក្សប្រជាជនកម្ពុជា មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ និងចេះយោគយល់អធ្យាស្រ័យគ្នាចំពោះអ្នកដែលមានការភ្ញាក់រលឹក ចង់រួមរស់ក្នុងសុខសន្តិភាពពិតប្រាកដគឺគណបក្សប្រជាជនកម្ពុជា និងអធ្យាស្រ័យឱ្យជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជន។
លោក ថោង ខុន បានឱ្យដឹងទៀតថា មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ដោយបានប្រឹងប្រែងទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបម្រើប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស។
ជាមួយគ្នានោះលោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការអភិវឌ្ឍប្រទេសជាតិកាន់តែរីចំរើនថែមទៀត ដោយមិនត្រូវជឿលើការឃោសនារបស់ពួកប្រឆាំង ដែលបានហាមពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឫគូសសន្លឹកឆ្នោតចោលនោះឡើយ។
លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
នាឱកាសនោះប្រជាពលរដ្ឋនៅភូមិខ្លុយកើត ឃុំសូយោង ក៏បានប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ៕