(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំខ្នារពោធិ៍ និងលោកស្រី លោក គង់ មុនី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ លោកបណ្ឌិត ឈួន ថាវរិន្ទ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប អញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិទាំង៨ ក្នុងឃុំខ្នារពោធិ៍។
បានលើកឡើងថា ការណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គឺជាចូលរួមរំលឹកជាថ្មី ដើម្បីធានាថាអង្គបោះឆ្នោត មិនចាញ់បោកតាមចេតនាជំរុញ ចលនាបំផ្លាញសន្លឹកឆ្នោតពីពួកប្រឆាំងអគតិ ។
ក្នុងជំនួបនោះលោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំខ្នារពោធិ៍។ ផ្អែកលើចំណុចនេះហើយ គឺជាមូលដ្ឋានដែលថ្នាក់ដឹកនាំសមាជិក សមាជិកា សកម្មជនគណបក្សប្រជាជន បាន និងកំពុងបន្តចូលរួមសកម្មភាពយ៉ាងយកចិត្តទុកដាក់ក្នុងការណែនាំអំពីនីតិវិធី និងរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានការ នៅតាមមូលដ្ឋាននីមួយៗ។
លោកបណ្ឌិតអះអាងថា «ការណែនាំជូនលោកតា លោកយាយ អ៊ំពូ មីង ក្នុងថ្ងៃនេះ គឺជាការងារសំខាន់បំផុត ដើម្បីធានាថា ការបោះឆ្នោតនាពេលខាងមុខ យើងនឹងគូសសន្លឹកឆ្នោតមួយសន្លឹកបានត្រឹមត្រូវ ជាពិសេសពលរដ្ឋរបស់យើងមិនចាញ់បោកតាមឧបាយកលប្រកបដោយពិសពុលខ្មៅងងឹតបំផ្លាញជាតិរបស់ក្រុមជនអគតិ»។
នៅចុងកម្មវិធីសំណេះសំណាល លោកបណ្ឌិត និងក្រុមការងារចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ បានចុះណែនាំសាកល្បងគូសសន្លឹកឆ្នោតជាមួយប្រជាពលរដ្ឋក្រោមបរិយាកាសសប្បាយរីករាយ៕