(កំពង់ឆ្នាំង)៖ ថ្លែងចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសអបអរសាទរខួបលើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានដាក់បទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធស្ថាប័នមួយនេះ ត្រូវត្រៀមលក្ខណៈសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពាររារាំងសកម្មភាពទាំងឡាយណា ដែលចង់ប៉ុនប៉ង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។
បន្ទាប់ពីបានកត់សម្គាល់នូវអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងរាជអាវុធហត្ថសម្រេចក្នុងរយៈកាលកន្លងទៅ ក្រោមការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការណែនាំ នូវការងារសំខាន់ៗមួយចំនួន រួមមាន៖
*ទី១៖ ត្រូវគ្រប់គ្រងកម្លាំងទ័ព បំពាក់មធ្យោបាយ សម្ភារៈ យុទ្ធោបករណ៍ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវគោរពអនុវត្តឲ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធីការបោះឆ្នោត សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្ដជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ត្រូវពង្រឹង និងចាត់វិធានការសមស្របតាមច្បាប់ ដើម្បីការពាររារាំងគ្រប់សកម្មភាព ដែលប៉ុនប៉ង់បំផ្លាញដល់ដំណើរការបោះឆ្នោត, ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពាររាល់សមិទ្ធផលជាតិ ឲ្យបានស្ថិតស្ថេរគង់វង្ស។
*ទី២៖ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាការពារសន្ដិភាព មិនត្រូវឲ្យសន្ដិភាពនេះត្រូវបានបំផ្លាញពីជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ទោះអស់តម្លៃណាក៏ដោយ ចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបាន ដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំមានសព្វថ្ងៃនេះឲ្យបានស្ថិតស្ថេរគង់វង្សជាអមតកៈ ជាពិសេសជ័យជម្នះ៧មករា ដែលនាំមកនូវសន្ដិភាព និងការអភិវឌ្ឍជាតិយើងជាដរាបរៀងមក។
*ទី៣៖ ត្រូវបន្ដជំរុញការអនុវត្តនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីទ ប់ស្កាត់បទល្មើសនានាឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពារធនធានធម្មជាតិ ការជួយសង្គ្រោះប្រជាជនពេលកើតគ្រោះមហន្ដរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺរាតត្បាតជាដើម។
បន្ដយកចិត្តទុកដាក់អនុវត្តភារកិច្ចប្រតិបត្តិការសន្ដិសុខ បង្ការ បង្ក្រាប និងសង្គ្រោះបទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងជលផលគ្រប់ប្រភេទឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ និងត្រៀមចូលរួមគាំទ្រដល់កិច្ចការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
*ទី៤៖ បន្ដយកចិត្តទុកដាក់ហ្វឹកហ្វឺនបណ្ដុះបណ្ដាល បំប៉នជំនាញដល់នាយទាហានបន្ដវេន ទៅសិក្សានៅក្រៅប្រទេសដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងប្រសិទ្ធភាពការងារសម្រាប់បំពេញភារកិច្ចស្នូលរបស់អង្គភាព។ ត្រូវក្ដាប់ជាប់នូវសតិអារម្មណ៍ ការផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗ សភាពការណ៍នយោបាយថ្មីៗ និងអប់រំនយោបាយចិត្ដសាស្ដ្រដល់យោធិន នៃកងរាជអាវុធហត្ថ គោលជំហរច្បាស់លាស់ ឆន្ទៈមុះមុតទទួលខុសត្រូវភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
*ទី៥៖ គ្រប់គ្រង ថែទាំមធ្យោបាយ សម្ភារៈ បរិក្ខា យុទ្ធោបករណ៍ អាវុធ និងគ្រាប់ បង្ការ កុំឲ្យមានការឆេះខូចខាត បាត់បង់ រក្សាគុណភាពឲ្យបានល្អដើម្បីការហ្វឹកហ្វឺន និងកិច្ចប្រតិបត្តិការឲ្យមានប្រសិទ្ធភាព។ ត្រូវខិតខំ ថែទាំ ជួសជុលសំណងគ្រប់ប្រភេទ បន្ដសាងសង់សំណង់ឲ្យរួចរាល់តាមផែនការ យកចិត្តទុកដាក់សាងសង់សំណង់ថ្មី តាមលក្ខណៈបច្ចេកទេស ធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង។
*ទី៦៖ បន្ដយកចិត្តទុកដាក់ការងារចិញ្ចឹមទ័ព ពិនិត្យ ព្យាបាលសុខមាលភាព បន្ដជំរុញបង្កបង្កើនផលដាំដុះ ចិញ្ចឹមសត្វ លើកសរសើរ លើកទឹកចិត្ត ចំពោះយោធិនមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ច និងដោះស្រាយគោលនយោបាយជូននាយទាហាន នាយទាហានរង និងពលទាហានជួបការលំបាក។
បន្ដសហការជាមួយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ អាជ្ញាធរដែនដី ជំនាញសុរិយោដី គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ធ្វើបញ្ជីគោលដីធ្លី វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យតាមអង្គភាពនីមួយៗឲ្យបានច្បាស់លាស់ ពង្រឹងធ្លុងសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តម៉ឺងម៉ាត់ឋាននុក្រមកងយោធពលខេមរភូមិន្ទ។
បន្ដចូលរួមកសាងប្រវត្តិសាស្ដ្រ X-16 និងតាមទីតាំងប្រវត្តិសាស្ដ្រយោធា ដែលរាជរដ្ឋាភិបាលទើបតែសម្រេចជូនកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នាពេលថ្មីៗនេះ ចំនួន៨៧ទីតាំង ដើម្បីចារិកទុក និងដម្កល់និមិត្តរូបវត្ថុតាង និងសមិទ្ធផលនានាសម្រាប់ថ្នាល់បណ្ដុះបណ្ដាលមនសិកា កត្តញ្ញូ សុខុដម្ម និងការចូលរួមជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រ៕