(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានកត់សម្គាល់ឃើញថា សារដែលលោក អេង ឆៃអ៊ាង បានបង្ហោះផ្សាយនៅលើគណនេយ្យ Facebook ផ្ទាល់ខ្លួននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ គឺបានបង្ហាញយ៉ាងច្បាស់នូវកិច្ចសហការយ៉ាងស្អិតរមួតជាមួយវិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលនិយមចូលចិត្តផ្សាយភូតកុហក និងបន្លំសាធារណៈមតិ។
លោកបានហាមមិនឲ្យពលរដ្ឋគិតពីចំនួនអ្នកហែសពលោក កែម ឡី និងបានជម្រុញឲ្យរកមេខ្លោងឃាតក នៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី។ បើគិតពីបំណងរបស់លោកហាក់បីដូចជា លោកមានគំនិតល្អ ហើយឈឺឆ្អាល នឹងការស្វែងរកយុត្តិធម៌ខ្លាំងណាស់ ចំពោះសពលោក កែម ឡី ប៉ុន្តែចំពោះយើងខ្ញុំ និងអ្នកតាមដានស្ថានការណ៍នយោបាយជាច្រើននៅស្រុកខ្មែរយល់ឃើញថា ការដែលលោក (អេង ឆៃអ៊ាង) មិនចង់ឲ្យគេគិត និងបង្ហាញការពិតនូវចំនួនអ្នកចូលរួមហែរសពលោក កែម ឡី គឺបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនលោកផ្ទាល់ពិតជាមានបំណងចង់ឲ្យប្រជាពលរដ្ឋខ្មែរយល់ច្រលំ ដូចកាលបំពុលពីតួរលេខ នៃចំនួនអ្នកហែសពលោក កែម ឡី ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី ប្រាកដមែន។
គេនៅចាំបានថា វិទ្យុអាស៊ីសេរីបានផ្សាយថា ចំនួនអ្នកចូលរួមដង្ហែរសពលោក កែម ឡី ប្រមាណ២លាននាក់ និងមានប្រវែងក្បួនប្រមាណ៣០គីឡូម៉ែត្រ ដែលជាចំនួនភូតកុហកដ៏អាក្រក់បំផុត ហួសហេតុ ហើយក៏គ្មានអ្នកណាជឿបានដែរ ពីព្រោះបើគេគណនាចម្ងាយផ្លូវពីវត្តភ្នំ ទៅរង្វង់មូលចោមចៅមានចំងាយតែ ១១គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយក្បួនដង្ហែសពលោក កែម ឡី មិនមានប្រវែងរហូតដល់ ១១គីឡូម៉ែត្រនោះទេ និងអ្នកហែទៀតសោត បើគណនាលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី គឺក្បួនហែមានតែមួយភាគ នៃពាក់កណ្តាលទ្រូងផ្លូវតែប៉ុណ្ណោះ ដែលមួយភាគទៀត គឺជាអ្នកដំណើរបញ្ច្រាស់ទិសគ្នា។
គេអាចយល់បានយ៉ាងច្បាស់ថា គណបក្សប្រឆាំង បានចាត់ទុកតួលេខរបស់វិទ្យុអាស៊ីសេរីនេះថា ជាចំនួននៃអ្នកគាំទ្រគណបក្សខ្លួន ដែលបានចូលរួម ហែរសពលោក កែម ឡី ខណៈដែលសាធារណៈជនបានដឹងថា លោក កែម ឡី កាលនៅរស់គឺគណបក្សប្រឆាំងស្អប់គាត់ជាទីបំផុត ដោយសារតែលោក កែម ឡី គឺជាស្ថាបនិកបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដណ្តើមសម្លេងអ្នកគាំទ្របក្សប្រឆាំង បានក្នុងចំនួនច្រើនបំផុត។ មានភស្តុតាងមួយបញ្ជាក់ថា លោកស្រី ជូឡុង សូម៊ូរ៉ា បានបោះចោលនូវឯកសារ ដែលជាផែនការកំណែទម្រង់ការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ សរសេរដោយលោក កែម ឡី ដែលទង្វើនោះ ក៏ជាដើមចម ឲ្យលោក កែម ឡី បញ្ឈប់ការគាំទ្របក្សប្រឆាំង ហើយទៅធ្វើសកម្មភាពក្នុងបក្សនយោបាយថ្មីមួយ ដើម្បីវាយបំបាក់បក្សប្រឆាំងវិញ។
សំនួរត្រូវបានចោទសួរថា ហេតុអ្វីបានជាថ្នាក់ដឹកនាំបក្សប្រឆាំងងាកមកយកសាកសពលោក កែម ឡី ដើម្បីធ្វើអាជីវកម្មនយោបាយរបស់ខ្លួនទៅវិញ? ពិតជាមិនមានការខ្មាស់អៀនមែន! កាលដែលលោក កែម ឡី នៅរស់ពួកគេចាត់ទុកគាត់ជាសត្រូវ តែដល់ពេលលោក កែម ឡី ស្លាប់ទៅ ហេតុតែចង់កេងផលប្រយោជន៍នយោបាយ បែរជាចាត់ទុកខ្មោចលោក កែម ឡី ថាជាវីរៈបុរស ឬជាដុំពេជ្រដ៏មានតម្លៃរបស់គេទៅវិញ។ នេះហើយដែលគេហៅថា ក្រុមបននយោបាយ ដែលគិតតែពីប្រយោជន៍សួនតួ ក្នុងន័យថា ឲ្យតែមានឱកាសណាត្របាក់ស៊ីបាន គឺគិតតែពីលេប គិតតែពីត្របាក់ និងបង្កើតបញ្ហាផ្សេងៗជាច្រើន ដើម្បីរកលេសទម្លាក់កំហុសដល់គណបក្សដទៃ។ តាមទស្សនៈក្នុងរឿងភាគចិនថា បើចង់ដឹងថាអ្នកណាជាឃាតករ ត្រូវវិភាគមើលថា ការស្លាប់របស់ម្នាក់នោះមានប្រយោជន៍ដល់អ្នកណាជាងគេ។
ពាក្យមួយឃ្លានេះ ក៏អាចជាចម្លើយបញ្ជាក់យ៉ាងច្បាស់ឆ្លើយតបទៅលោក អេង ឆៃអ៊ាង វិញថា មិនចាំបាច់លោកធ្វើជាពើ ឬក៏ស្រែកប្រកូកប្រកាសឲ្យមានការស្វែងរកមេក្លោងនៅពីក្រោយឃាតកម្មលោក កែម ឡី នោះទេ ពីព្រោះតាំងពីលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់មកម្លេះ គណបក្សប្រឆាំងនេះឯង ដែលជាអ្នកក្រសោបយកផលប្រយោជន៍ តាមរយៈសំអុយ និងទម្លាក់កំហុសដាក់លើរាជរដ្ឋាភិបាលថា បានប្រព្រឹត្តិនូវអំពើឃោឃៅនោះ ដើម្បីជាការបំបាក់ស្មារតីអ្នកបញ្ចេញមតិ។ ប៉ុន្តែធាតុពិតការស្លាប់របស់លោក កែម ឡី គឺបានខាតបង់នូវផលប្រយោជន៍ជាច្រើនរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលទាំងមូល។
ដូច្នេះគ្មានហេតុផលណា ដែលអ្នកដឹកនាំប្រទេសចង់ឃើញប្រទេសរបស់ខ្លួនកើតមាននូវអំពើចលាចល ឬឃាតកម្ម ថាជារឿងចំណេញនោះឡើយ។
បន្ទាប់ពីសពលោក កែម ឡី យកទៅបញ្ចុះនៅស្រុកកំណើតរួចហើយ ពួកប្រឆាំងដូចជាបានកេងចំណេញសពលោក កែម ឡី លែងបាន ក៏លោក សម រង្ស៊ី បង្កើតបញ្ហាថ្មីៗមកជំនួសវិញ តាមរយៈផ្តល់កិច្ចសម្ភាសន៍ ស្នើសុំទៅសហគមន៍អ៊ីរ៉ុប ឲ្យបិទទីផ្សារនាំចេញសំលៀកបំពាក់ពីកម្ពុជាទៅអឺរ៉ុប ដែលបង្កឲ្យមានប្រតិកម្មពីបណ្តាសហជីពការងារ និងកម្មករជាច្រើន ដោយពួកគេចាត់ទុកថា មេបក្សប្រឆាំងរូបនេះបានវាយបំបែកឆ្នាំងបាយរបស់ពួកគេ។
សរុបសេចក្តីមក ល្បែងនយោបាយភូតកុហក ឃុបឃិតគ្នាបំភាន់តួរលេខនៃចំនួនអ្នកហែសព ការធ្វើជារកលេសឲ្យស្វែងរកមេក្លោងបាញ់សម្លាប់លោក កែម ឡី ក៏ដូចជាការបង្កើតព្រឹត្តិការណ៍ថ្មីៗ របស់មេបក្សប្រឆាំង សុទ្ធតែជាកលល្បិចដើម្បី កេងចំណេញផលប្រយោជន៍នយោបាយប្រជាភិថុតរបស់ខ្លួនតែប៉ុណ្នោះ។
សូមលោក អេង ឆៃអ៊ាង ឈប់បានឈប់ទៅ! បើលោកចង់ដឹងថា អ្នកណាជាមេក្លោងនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី សូមលោកទៅសួរមេរបស់លោកទៅដឹងច្បាស់ហើយ៕
ដោយ៖ បាន វិភាគ