(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយផ្តោតសំខាន់លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឆាប់ៗខាងមុខ។

បន្ទាប់ពីគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត បានរាយការណ៍អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីរាយការណ៍ របស់មន្ទីរអង្គភាពនានា ពាក់ព័ន្ធនឹង ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបញ្ហាប្រឈម របស់រដ្ឋបាលក្រុងស្រុករួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពល្អ គ្មានការភ័យខ្លាចនោះ សូមឲ្យកម្លាំងរក្សាការពារការិយាល៏យបោះឆ្នោតទាំងអស់ ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងសីលធម៌ត្រឹមត្រូវ និងម៉ឺងម៉ាត់ច្បាស់លាស់។

លោកអភិបាលខេត្ត បន្ថែមថាចំពោះមន្ទីរអង្គភាពមួយចំនួន ដូចជា៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំបង្កើត និងបណ្តុះបណ្តាលជំនាញសិល្បៈក្នុងខេត្តឡើងវិញ ឱ្យសាសសមនឹងយុគ្គសម័យទំនើប។ ជាមួយគ្នានោះ មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអន្តរមន្ទីរ ក្នុងការគ្រប់គ្រងរមណីដ្ឋាននានានៅក្នុងខេត្ត ឲ្យបានច្បាស់លាស់ ជាក់ស្តែងដូចជារមណីដ្ឋានទឹកធ្លាក់ច្រកល្អៀងជាដើម។ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវរួមសហការជាមួយរដ្ឋបាលក្រុង និងមន្ត្រីសាលាខេត្ត ក្នុងការរៀបចំសម្របសម្រួល សម្រាប់ទទួលបងប្អូនកម្មករ កម្មការនីមកពីរាជធានី និងតាមបណ្តាខេត្ត ក្នុងឱកាសមកចូលបោះឆ្នោតនាពេលខាងមុខ។

លោក ខូយ រីដា បានបន្តថា គោលដៅខាងមុខសូមឲ្យអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជម្រុញការផ្តល់សេវាសាធារណៈ ឱ្យបានរហ័សទាន់ចិត្ត និងមានតម្លាភាព ដល់ប្រជាពលរដ្ឋ។ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម ទាំងវិស័យជលផលនិងព្រៃឈើ និងត្រូវពង្រឹង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គ្រប់ស្រុកក្រុង ត្រូវត្រៀមដីសម្រាប់សាងសង់មណ្ឌលសុខភាព និងមន្ទីរពេទ្យ ហើយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវរៀបចំឲ្យមានសាលាមតេ្តយ្យសហគមន៍ឡើងវិញ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេន។ លោកក៏បានជម្រុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹកខេត្ត ត្រូវត្រៀមលក្ខណៈប្រកបដោយភាពឈ្លាសវៃ បួករួមទាំងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍ ដល់ដល់ដំណាំកសិកម្ម របស់ប្រជាកសិករ នៅពេលជួបគ្រោះរាំងស្ងួត និងទឹកជំនន់ នាពេលខាងមុខ៕