(ក្រចេះ)៖ ស្ត្រីជាម្ដាយបានស្លាប់ដោយសារត្រូវរន្ទះបាញ់នៅភូមិដំរែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ខណៈកូនប្រុសត្រូវរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ។

ហេតការការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានបញ្ជាក់ថា ករណីរន្ទះបាញ់នេះបណ្ដាលឲ្យស្រ្តីជាម្ដាយឈ្មោះ ឌីម គន្ធា អាយុ៣៦ឆ្នាំ ត្រូវស្លាប់ និងកូនស្រីឈ្មោះ តុល កែវ អាយុ១២ឆ្នាំ រងរបួសស្រាល។

លោកបញ្ជាក់ទៀតថា មុនពេលកេីតហេតុ ជនរងគ្រោះទាំងពីរនាក់ម្ដាយកូនបានទៅមេីលគោនៅចម្ការខាងត្បូងផ្ទះ ចម្ងាយប្រហែល៥០០មែ៉ត្រ ក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ ព្រមទាំងមានរន្ទះបាញ់តែម្តង។

នៅរសៀលដដែល លោកអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគ និងថវិកាសរុប ចំនួន៨០០,០០០រៀល របស់អនុសាខាកាកបាទក្រហមស្រុក និងសប្បុរសជន ឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយសាររន្ទះបាញ់នេះផងដែរ៕