(ភ្នំពេញ)៖ ក្រោយចាកចេញអស់រយៈពេលរហូតដល់ទៅ ៤៨ឆ្នាំ នៅសម័យសង្គ្រាមនោះ អ្នកនាង ម៉ម ពេជ្ជឆារ៉ា អ្នកនិយាយបញ្ហាសង្គមរស់នៅអាមេរិក ទើបតែបានជាន់ដីខ្មែរឡើងវិញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាង ម៉ម ពេជ្ជឆារ៉ា កើតនៅឆ្នាំ១៩៧៤ បានចាកចេញពីកម្ពុជាទៅរស់នៅអាមេរិក នៅអាយុទើបតែបាន ១ឆ្នាំ ដើម្បីរកទីតាំងសន្តិភាព។

ពេលផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកនាង ម៉ម ពេជ្ជឆារ៉ា បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ដោយមិនគិតថា កម្ពុជាមានភាពរីកចម្រើនយ៉ាងដូច្នេះឡើយ។ អ្នកនាង បានអះអាងថា កាលពីមុនដោយសារតែស្តាប់ និងមើលព័ត៌មាន ដែលមាននិន្នាការប្រឆាំង ធ្វើឲ្យអ្នកនាងយល់ឃើញថា ប្រទេសខ្មែរខ្មៅកខ្វក់ខ្លាំង ប៉ុន្តែនៅពេលឧស្សាហ៍មើលព័ត៌មានពិត​ និងបានមកឃើញផ្ទាល់ ធ្វើឲ្យអ្នកនាងរកពាក្យនិយាយប្រៀបផ្ទឹមពុំបាន។

អ្នកនាង ម៉ម ពេជ្ជឆារ៉ា អំពាវនាវដល់មហាជន រួមគ្នាការពារសន្តិភាព ដែលរកបានដោយលំបាក ព្រោះពេលអសន្តិភាព ធ្វើឲ្យនិរាសព្រាត់ប្រាស់គ្រួសារ និងស្រុកកំណើត ដូចបទពិសោធន៍របស់អ្នកនាងស្រាប់។

អ្នកនាង ក៏បានបង្ហាញពីបំណងចង់រស់នៅស្រុកខ្មែរដែរ ដោយលើកឡើងថា នៅស្រុកខ្មែរមានហេដ្ឋារចនាសម្ព័ន្ធនានា ដូចនៅស្រុកគេទៅហើយ អញ្ចឹងការរស់នៅស្រុកខ្មែរ ក៏ជាជម្រើសល្អមួយផងដែរ។

សូមជម្រាបថា អ្នកនាង ម៉ម ពេជ្ជឆារ៉ា គឺជាអ្នកនិយាយបញ្ហាសង្គមម្នាក់ ជាមួយនឹងក្រុមអ្នកវិភាគជាច្រើននាក់ទៀត ដែលរួមដំណើរជាមួយ លោក ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមួយរូបរស់នៅអាមេរិក ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ ទាំងភាពវិជ្ជមាន និងអវិជ្ជមាន មកកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕