(ចិន)៖ ប្រធានគណបក្សកុម្មុយនីសចិន ខេត្តក្វាងស៊ី និងជាប្រធានសភាប្រជាជនខេត្តក្វាងស៊ី លោក ផឹង ឈីងហ័រ (Peng Qinghua) បានអះអាងថា នឹងខិតខំជួយជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី ឲ្យមានការចម្រើនឡើងជាងពេលបច្ចុប្បន្ននេះ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រមានិតចិន នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ លោក ផឹង ឈីងហ័រ នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃ នៅក្នុងខេត្តក្វាងស៊ីនេះ។
ក្នុងឱកាសជំនួបនោះ លោកប្រធានសភាប្រជាជនខេត្តក្វាងស៊ី បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា ខេត្តក្វាងស៊ី និងកម្ពុជា មានសក្តានុពល មានលទ្ធភាពដូចគ្នាក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ ពិសេសខាងសេដ្ឋកិច្ច។
លោក ផឹង ឈីងហ័រ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី នាពេលបច្ចប្បន្ននេះ មានក្នុងកម្រិតប្រមាណ ៥០លានដុល្លារតែប៉ុណ្ណោះ ខណៈដែលប្រទេសកម្ពុជា និងខេត្តក្វាងស៊ី នៅមានសក្តានុពលច្រើន ដែលអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ លោក បានលើកឡើងថា វិស័យដែលអាចឲ្យកម្ពុជា និងខេត្តក្វាងស៊ី បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា មានដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម ជលផល និងការចិញ្ចឹមសត្វជាដើម។
លេខាបក្សកុម្មុយនីសចិនខេត្តក្វាងស៊ី បានលើកឡើងបន្តថា កន្លងមកមានអ្នកវិនិយោទុន ពីខេត្តក្វាងស៊ី បានមកបណ្តាក់ទុននៅកម្ពុជា ខាងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងប្រទេសចិន។ ប៉ុន្តែនៅពេលនេះ ឯកឧត្តមបានដឹងថាអ្នកវិនិយោគទុន ខេត្តក្វាងស៊ីជាច្រើន បានចាប់អារម្មណ៍ក្នុងការទៅវិនិយោគនៅប្រទេសកម្ពុជាបន្ថែម ដូចជា បច្ចេកវិទ្យា ឧស្សាហកម្ម និងកសិកម្ម។ «នៅពេលអ្នកវិយោគទុន ខេត្តក្វាងស៊ី ទៅវិនោយោគដូចគម្រោងរបស់គេ បានលើកឡើងនោះ វានឹងធ្វើឲ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងស៊ី នឹងមានការរីកចម្រើនឡើង»។ នេះជាការបញ្ជាក់ របស់លោក ផឹង ឈីងហ័រ។
សូមជម្រាបថា ខេត្តក្វាងស៊ី ស្ថិតនៅភាគខាងត្បូងប្រទេសចិន ជាប់ឈូងសមុទ្រប៉េប៊ូ និងមានព្រំប្រទល់ជាប់ប្រទេសវៀតណាមប៉ែកនិរតី។ ក្វាងស៊ី ជាខេត្តតែមួយរបស់ប្រទេសចិន ដែលមានផ្លូវគោក និងផ្លូវសមុទ្រភ្ជាប់តំបន់អាស៊ាន ហើយជាច្រកសេដ្ឋកិច្ចអន្តរជាតិសម្រាប់តភ្ជាប់ចិន និងអាស៊ាន។ ខេត្តក្វាងស៊ីជាតំបន់នាំមុខ នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានទៀតផង។
លោក ផឹង ឈីងហ័រ បានជម្រាប សម្តេច ហេង សំរិន ថា ខេត្តក្វាងស៊ីជាមជ្ឈមណ្ឌល នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន។ កន្លងមកខេត្តបានរៀបចំពិព័រណ៌អាស៊ានចិនជោគជ័យចំនួន ១២លើកមកហើយ ។
សម្តេចចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជឿនលឿននៃខេត្តក្វាងស៊ី ជាពិសេស គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ និងរឹងមាំ។ ក្វាងស៊ីជាទឹកដីដែលមានសក្តានុពលយ៉ាងខ្លាំងផ្នែកកសិកម្ម និងការផលិតគ្រឿងយន្តកសិកម្ម ដែលជាកម្លំាងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសចិន។ សម្តេចបានបន្តថា មិនតែប៉ុណ្ណោះខេត្តក្វាងស៊ី បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងចិន និងអាស៊ាន ឲ្យកាន់តែមានភាពជិតស្និទ្ធ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សន្តិសុខ និងសមារណកម្មតំបន់។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា ពេញចិត្ត និងគាំទ្រចំពោះសម្ព័ន្ធមេត្រីភាពដ៏រឹងមាំរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា កម្ពុជានិងចិន ដែលមានការរីកចម្រើន រឹងមាំឥតឈប់ឈរ។ ជាមួយគ្នានេះ សម្តេច បានស្នើសុំឲ្យប្រធានសភាខេត្តក្វាងស៊ី ជួយជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាជន ខេត្តក្វាងស៊ី ទៅធ្វើទេសចរណ៍កម្សាន្ត និង វិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានសូមគោរពអញ្ជើញលោក ផឹង ឈីងហ័រ អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ ការអញ្ជើញនេះ ត្រូវលោកប្រធានសភាខេត្តក្វាងស៊ី ទទួលយក និងសន្យា នឹងរកពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា។
សូមជម្រាបដែរថា នៅក្នុងជំនួបនេះ លោក ផឹង ឈីងហ័រ បានសន្យាជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរ បានមកបន្តការសិក្សានៅខេត្តក្វាងស៊ី ឲ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន២៦០នាក់ បានកំពុងសិក្សានៅ ខេត្តក្វាងស៊ី។ ប្រធានរដ្ឋសភាខេត្តក្វាងស៊ី បានសន្យាថា នៅចំពោះមុខសម្តេចប្រធានរដ្ឋសភា នឹងខិតខំជំរុញអ្នកទេសចរ អ្នកវិយោគ ខេត្តក្វាងស៊ី ឲ្យមកទស្សនា និងវិនិយោគឲ្យបានច្រើន៕