(កំពង់ចាម)៖ សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ត្បិតស្ថិតនៅក្នុងតំបន់ឆ្ងាយពីទីប្រជុំជន និងប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយក៏ពិតមែន តែបច្ចុប្បន្នសាលាមួយនេះកំពុងស្ថិតក្នុងក្រសែភ្នែក នៃអ្នកសិក្សារៀនសូត្រ និងអ្នកអប់រំទាំងពួង ដោយសារតែក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាបានបង្កើតប្រវត្តិសាស្រ្តជាច្រើន តាមរយៈផ្តត់គំនិតដឹកនាំ និងបច្ចេកទេសបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្រោមការដឹកនាំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្រោមជំនួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ផ្អែកតាមឯកសារប្រវត្តិ សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ត្រូវបាន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់ជំនួយឧបត្ថម្ភតាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។ ក្រោយមកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសាងសង់ និងដាក់សម្ពោធឱ្យប្រើប្រាស់អគារសិក្សាចំនួន០១ខ្នង មាន០២ជាន់ និងមានបន្ទប់សិក្សាចំនួន០៤បន្ទប់ ព្រមទាំងសមិទ្ធិផលផ្សេងទៀត ដែលមានទឹកប្រាក់ចំណាយចំនួន ១២៥,០០០ ដុល្លារអាមេរិក។ ជាបន្តបន្ទាប់ ដើម្បីកែប្រែសាលា ដែលត្រូវបានគេបោះបង់ចោលមួយនេះ រហូតក្លាយជាសាលាគំរូមួយក្នុងខេត្តកំពង់ចាម និងបានទទួលពានជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានយកចិត្តទុកដាក់ និងផ្តល់ជំនួយជាហូរហែរ ដែលក្នុងនោះរួមមានដូចជា ការផ្គត់ផ្គង់សម្ភារឧបទេសសម្រាប់ការបង្រៀន សម្ភារសិក្សារបស់សិស្ស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា ការក្រាលក៉ារូថ្នាក់រៀន ការឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីន LCD តុ កៅអី ធ្នើរបណ្ណាល័យ សៀវភៅអាន កង់សិស្ស សម្ភារសិក្សា និងកិច្ចការប្រតិបត្តិការនានា ដែលសរុបការចំណាយរហូតមកដល់ថ្ងៃនេះ ស្មើនឹង ២០៩,២៩២.៤៦ដុល្លារ។

បច្ចុប្បន្នសាលាមួយនេះ បានកែប្រែមុខមាត់ពីសាលា ដែលត្រូវបានគេបោះបង់ចោល និងមានសិស្សត្រឹម១០នាក់ជាង មកជាសាលាមួយដែលគេចង់ស្គាល់ និងចង់ស្រង់បទពិសោធន៍ ដើម្បីយកជាគំរូសម្រាប់ការអភិវឌ្ឈសាលា ហើយសិស្សក៏សម្រុកចូលសាលានេះ ដែលបច្ចុប្បន្នកើនសិស្សរហូតដល់៤៦៥នាក់។

ទម្រាំបានប្រែក្លាយជាសាលា ដែលត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសនោះ ដំបូងឡើយសាលានេះមានឈ្មោះថា សាលាបឋមសិក្សា ទួលបេង ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៦ ត្រឹមជាបន្ទប់សិក្សា១ខ្នង ដែលលោកមេឃុំក្រឡាបានដឹកនាំក្រុមការងាររុះរើរោងសិប្បកម្មមួយកន្លែងដើម្បីយកមកសាងសង់បន្ទប់រៀន សម្រាប់សិស្សានុសិស្សក្នុងភូមិទួលបេង ដោយសារសាលាបឋមសិក្សា អង្គួញដី ស្ថិតនៅឆ្ងាយពីភូមិ រហូតដល់ជាង៣គ.ម ហើយសិស្សភាគច្រើនជាកូនកសិករ ធ្វើដំណើរថ្មើជើងទៅសាលារៀន។ អគារសិក្សា១ខ្នង មាន២បន្ទប់ សង់ពីឈើប្រក់ក្បឿង ដែលមានបណ្តោយ១៨ម៉ែត្រ ទទឹង៩ម៉ែត្រត្រូវបានសាងសង់រួចរាល់ក្នុងខែកញ្ញា ឆ្នាំ១៩៩៦ និងបើកដំណើរការបង្រៀនសិស្សបានចំនួន០២ថ្នាក់ គឺថ្នាក់ទី១ និងថ្នាក់ទី២ ដោយមានសិស្សានុសិស្សមកពីភូមិទួលបេង និងភូមិស្តេចនន។

ក្រោយមក ក្នុងឆ្នាំ២០០៧ អគារសិក្សាសង់ពីឈើនោះ មានសភាពចាស់ទ្រុធទ្រោមជាខ្លាំង ខណៈនោះ លោក នេត ចាន់ថា ជានាយកសាលា ក៏បានស្នើសុំជំនួយទៅកាន់ក្រុមជំនុំយេស៊ូគ្រីស និងបានទទួលបានជំនួយក្នុងការសាងសង់អគារថ្មីចំនួន០១ខ្នង មាន០២បន្ទប់ សាងសង់ពីថ្ម ប្រក់ក្បឿង ហើយការសាងសង់រួចរាល់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៧។

ត្បិតសាលាបឋមសិក្សា ទួលបេង ទទួលបានអគារថ្មីក៏ពិតមែន ក្នុងឆ្នាំ២០១១ សាលាដ៏កំសត់មួយនេះត្រូវបានបិទទ្វារ ដោយសារតែអ្នកអាណាព្យាបាលរបស់សិស្ស លែងបញ្ជូនកូនមកសិក្សាក្នុងសាលានេះ ក្រោមហេតុផលខ្លាចឥទ្ធិពលនៃសាសនាគ្រីស្តគ្របដណ្តប់ និងអូសទាញកូនៗរបស់ពួកគេឱ្យកាន់សាសនាគ្រីស្ទ។ រហូតដល់ឆ្នាំ២០១២ ទើបសាលាមួយនេះ មានសិស្សចូលរៀនឡើងវិញ ហើយការដំណើរការបង្រៀនមានត្រឹមថ្នាក់ទី១តែប៉ុណ្ណោះ និងមានគ្រូត្រឹមតែ០២នាក់ ដែលរួមមានលោកគ្រូ វ៉ា ផាត និងលោកគ្រូ សេង រី។ ចូលដល់ឆ្នាំ២០១៣ ក្រោយពីលោក វ៉ា ផាត បានចូលនិវត្តរ៍ ហេតុនោះនៅសល់តែលោកគ្រូ សេង រី និងគ្រូថ្មីម្នាក់ឈ្មោះអ្នកគ្រូ ផេង ម៉ូលី បានបន្តការបង្រៀននៅសាលាបឋមសិក្សា ទួលបេង។ ខណៈនោះ លោក សេង រី បានខ្នះខ្នែងអភិវឌ្ឈសាលារៀនមួយនេះជាបន្តបន្ទាប់ ដោយលោកបានធ្វើការទំនាក់ទំនងទៅសប្បុរសជន ក្រុមហ៊ុន និងអង្គការម្ចាស់ជំនួយទាំងក្នុងស្រុក និងក្រៅស្រុក ហើយក៏៏ទទួលបានជំនួយជាបន្តបន្ទាប់ពីអង្គការមួយចំនួន ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា និងសាងសង់អគារសិក្សា។

សមិទ្ធិផលក្រោមជំនួយពីអង្គការ សប្បុរសជន និងការចូលរួមរបស់សហគមន៍ រួមមានដូចជា ការសាងសង់របងជុំវិញសាលា ដែលក្នុងនោះ ជំនួយជាកន្លែងក្មេងលេង សៀវភៅសម្រាប់ស្រាវជ្រាវ រូបភាព ល្បែងសិក្សា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេនសាលា ក្រោមជំនួយរបស់អង្គការ Save The Children ក្នុងឆ្នាំ២០១៣, សាងសង់របងលួយប្រវែង៦០ម៉ែត្រ ផ្នែកខាងមុខ ក្រោមជំនួយរបស់អ្នកភូមិ តាមរយៈការធ្វើបុណ្យភូមិ ក្នុងខែមករា ឆ្នាំ ២០១៤, សង់បង្គន់១ខ្នង២បន្ទប់ និងផ្តល់សាប៊ូលាងដៃ ថ្នាំកក់ចៃ ក្រោមជំនួយរបស់អង្គការផ្នែកសាសនាគ្រីស្ទ ក្នុងឆ្នាំ២០១៥, សាងសង់រោងកញ្ចុះសម្រាប់ក្មេងអង្គុយលេង ក្រោមជំនួយពលករកូរ៉េ ក្នុងឆ្នាំ២០១៥, សាងសង់របងសាលាផ្នែកខាងកើតបានប្រវែង ៦០ ម៉ែត្រ ក្រោមជំនួយរបស់អ្នកភូមិ តាមរយៈការធ្វើបុណ្យភូមិ ក្នុងឆ្នាំ២០១៥, សាងសង់បន្ទប់សិក្សាចំនួន០១ខ្នង ស្មើ០១បន្ទប់ ធ្វើពីដែក (រោងដែក) ក្រោមជំនួយវិភាគទានរបស់អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងអង្គការខេប ក្នុងឆ្នាំ២០១៥, រៀបការ៉ូក្នុងបន្ទប់ទាំង០២ និងចាក់សាបក្នុងបន្ទប់សិក្សាធ្វើពីដែក ក្រោមជំនួយរបស់អង្គការ Save The Children ក្នុងឆ្នាំ២០១៥, សាងសង់របងផ្នែកខាងត្បូង និងចាក់ដីបំពេញជង្ហុកខាងជើងសាលា ក្រោមជំនួយរបស់អ្នកភូមិ តាមរយៈការធ្វើបុណ្យភូមិ ក្នុងឆ្នាំ២០១៦, សាងសង់អគារសិក្សាចំនួន ១ខ្នងមាន២បន្ទប់ ក្រោមជំនួយរបស់អង្គការអាសាក់ ជប៉ុន ក្នុងឆ្នាំ២០១៦ និង សាងសង់អគារបណ្ណាល័យ មាន០១បន្ទប់ ក្រាលការ៉ូរៀបជញ្ជាំង ក្រោមជំនួយរបស់អង្គការ Save The Children ក្នុងឆ្នាំ២០១៦។

ចូលមកដល់ឆ្នាំសិក្សា ២០១៦-២០១៧ សាលា ទួលបេង បានផ្លាស់ប្តូរឈ្មោះពីសាលាបឋមសិក្សា ទួលបេង ទៅជាសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ដោយមានការជួយរៀបចំសាលា និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងលោកស្រី។ ខណៈពេលទទួលបានជំនួយអគារថ្មី០១ខ្នង ០២ជាន់ មាន០៤បន្ទប់ និងការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ក៏ទទួលបានគ្រូថ្មីចំនួន០៣នាក់ ស្រីម្នាក់ និងមានគ្រូថ្នាក់មត្តេយ្យ១នាក់ផងដែរ។ ពេលនោះហើយ សាលាមានគ្រូសរុបចំនួន៧នាក់ ស្រី៣នាក់ ហើយសិស្សមានការកើនឡើងជាលំដាប់គួរឱ្យកត់សំគាល់។

ការផ្តល់ជំនួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺមិនត្រឹមតែអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ អ្នកឧកញ៉ា បានជួយជ្រោមជ្រែងទាំងស្រុងក្នុងការអភិវឌ្ឈ និងជម្រុញសាលាមួយនេះ មិនឱ្យមានការខ្វះខាតទាំងសម្ភារសិក្សា និងការបង្រៀន។ នាចុងឆ្នាំ២០១៦ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ខណៈកំពុងសាងសង់អគារសិក្សា០១ខ្នង ០២ជាន់នោះ អ្នកឧកញ៉ា បានឱ្យមូលនិធិរបស់អ្នកឧកញ៉ា នាំយកអំណោយជាច្រើនមកជូនសាលាមួយនេះ ដូចជាតុសិស្ស កៅអី ក្តារខៀន ទូរសម្ភារ ធ្នើរដាក់សៀវភៅ សម្លៀកបំពាក់សិស្ស និងសម្ភារសិក្សាផងដែរ។

ក្នុងឆ្នាំ២០១៧ មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជំនួយសាងសង់សួនច្បារ ជួសជុលបណ្ណាល័យ សាងសង់របង និងខ្លោងទ្វារសាលា ចែកកង់ដល់សិស្សក្រីក្រ ចែកសម្ភារសិក្សាដល់សិស្សទាំងអស់ក្នុងសាលា ហើយក្នុងឆ្នាំ២០១៨ មូលនិធិ ម៉េងលី ជេ. គួច ផ្តល់ជំនួយកុំព្យូរទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីន LCD ក្តារខៀន តុសិស្ស កៅអី សម្ភារបង្រៀន និងសម្ភារសិក្សារបស់សិស្ស។ នៅឆ្នាំ២០១៩ មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជំនួយក្នុងការជួសជុល និងក្រាលការ៉ូក្នុងបន្ទប់សិក្សា និងការផ្តល់ជំនួយសម្លៀកបំពាក់ដល់ប្រជាសហគមន៍ ហើយក្នុងឆ្នាំ២០២១ មូលនិធិ ម៉េងលី ជេ. គួច ផ្តល់ជំនួយតុចំនួន២០ និងកៅអីជ័រចំនួន៤០ សម្រាប់ថ្នាក់មត្តេយ្យសិក្សា។

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ មូលនិធិ ម៉េងលី ជេ. គួច បានបន្តផ្តល់ជំនួយជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំបាច់របស់សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ដែលក្នុងនោះរួមមាន ធ្នើរដាក់សៀភៅបណ្ណាល័យចំនួន០៥ធ្នើរ សៀវភៅអានចំនួន៥០០ក្បាល កុំព្យូទ័រយយរដៃសេរីថ្មីទំនើបចំនួន០៥គ្រឿង ប្រដាប់រំអឹលលេង (Playground) ចំនួន០១ឈុត ប្រវែង៦.៨៧ម៉ែត្រ ស្មៅក្រាល អាហាសប្បុរសធម៌ជានំប៉័ងសាច់ប៉ាតេ ការព្យាបាលប្រជាពលរដ្ឋឥតគិតថ្លៃ នៃម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច និងថវិកាមួយចំនួនផងដែរ។

បន្ទាប់ពីវត្តមាន នៃជំនួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សាលាមួយនេះ ដែលធ្លាប់បានគេបោះបង់ចោល គេខ្លាចរអារមិនហ៊ានឱ្យកូនៗមករៀននោះ ក៏បានកែប្រែមុខមាត់ថ្មី និងមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសត្រូវបានគេទទួលស្គាល់ថា ជាសាលាគំរូក្នុងខេត្ត និងឈាន់ដល់កម្រិតថ្នាក់ជាតិផងដែរ។ សាលារៀនមួយនេះ គ្រប់គ្នាតែងលាន់មាត់ស្ងើចសរសើរថា ជាសាលាដែលប្រើប្រាស់បច្ចេកទេសបង្រៀនទាន់សម័យ ដែលសាលាផ្សេងមិនទាន់មានលទ្ធភាពធ្វើបាននៅឡើយ ហើយគ្រូៗក៏សុទ្ធសឹងមានសមត្ថភាព មានគំនិតឆ្នៃប្រឌិតក្នុងការបង្រៀនសិស្ស ផ្អែកលើគុណភាព និងប្រសិទ្ធភាព។

អ្វីដែលកាន់តែគួរឱ្យស្ញប់ស្ញែងផងដែរនោះ នាប៉ុន្មានឆ្នាំចុងក្រោយនជ លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង បានទទួលពានរង្វាន់គ្រូល្អតេជោសែន និងពានរង្វាន់គ្រូឆ្នើមលំដាប់អាស៊ាន ផងដែរ ដែលទាំងនេះហើយទើបធ្វើឱ្យសាលានេះកាន់តែមានភាពល្បីល្បាយរហូតដល់សព្វថ្ងៃ។ នៅពេលបច្ចុប្បន្ន ឆ្នាំសិក្សា ២០២២-២០២៣ មានគ្រូសរុប ១៣នាក់ ស្រី ៧ នាក់ ក្នុងនោះគ្រូកិច្ចសន្យាចំនួន ៣ នាក់ ស្រី ២នាក់ ដោយមានលោក សេង រី ជានាយកសាលា ។ សិស្សសរុប ៤៦៥ នាក់ ស្រី ២១៨ នាក់ ដែលមានថ្នាក់រៀនសរុប១២ ថ្នាក់ មានអគារចំនួន០៤អគារ ក្នុងនោះ បន្ទប់សិក្សាចំនួន៧បន្ទប់ បណ្ណាល័យចំនួន១បន្ទប់ បន្ទប់ទីចាត់ការ១បន្ទប់ បន្ទប់ទឹកស្តង់ដារចំនួន០២បន្ទប់ ទីធ្លាសម្រាប់កុមាររត់លេង ទីលានបាល់បោះ និងប្រដាប់រំអឹលលេង (Playground)ទំនើបទាន់សម័យ៕