(ព្រះវិហារ)៖ លោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចុះជួបសំណោះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង៨០០នាក់ នៅស្រុកឆែប។
លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងដោយក្តីសោមនស្សរីករាយ និងអរគុណយ៉ាងក្រៃលែងចំពោះប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទូទាំងស្រុកឆែប ដែលបានចូលរួមគាំទ្រគ្រប់សកម្មភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញភាពខ្លាំងរបស់គណបក្ស បង្ហាញភាពខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ពិសេសចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃឃោសនារកសម្លេងឆ្នោតដំបូង រហូតមកដល់ថ្ងៃនេះ។
លោកក៏បានថ្លែងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្ស ដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។
លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ត្រូវត្រៀមអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន និងឯកសារពាក់ព័ន្ធដែលអាចបម្រើឱ្យការបោះឆ្នោតបាន ដើម្បីមានសិទ្ធិទៅ ចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ ពិសេសត្រូវគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គូសនៅលេខរៀងទី១៨ មានរូបសញ្ញាទេវាបាចផ្កា ក្នុងប្រងប់៤ជ្រុង ដោយមិនត្រូវជឿតាមការញុះញង់របស់ក្រុមប្រឆាំង មួយក្តាប់តូចនោះទេ៕