(ភ្នំពេញ)៖ លោក ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមួយរូបរស់នៅអាមេរិក ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ ទាំងភាពវិជ្ជមាន និងអវិជ្ជមាន បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងក្រុមអ្នកវិភាគជាច្រើននាក់ទៀត ដែលរស់នៅអាមេរិក។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ក់ ហឺន បានឲ្យដឹងថា លោកខិតខំធ្វើដំណើរប្រមាណ ២០ម៉ោង ពីអាមេរិកមកកម្ពុជា គឺដើម្បីបានបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលមានរយៈពេល ៥ឆ្នាំម្តង។ ជាមួយគ្នានេះ លោកអះអាងថា លោកនឹងជួយឃោសនារកសំឡេងឆ្នោត ជូនដល់គណបក្សប្រជាជនកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ លោក ម៉ក់ ហឺន បានទាត់ចោលចំពោះពាក្យបំភ្លៃមួយចំនួន របស់ក្រុមប្រឆាំងរស់នៅអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ និងអ្នកខ្លះទៀតរស់នៅបរទេស ដែលថា កម្ពុជាមិនមានប្រជាធិបតេយ្យពេញលេញ។ សម្រាប់អ្នកតាមដានបញ្ហាសង្គមរូបនេះ មើលឃើញថា កម្ពុជាកំពុងតែដើរតាមគន្លងមាគ៌ាប្រជាធិបតេយ្យ ដោយមេដឹកនាំទទួលបានអំណាចពីប្រជាពលរដ្ឋ ខណៈសិទ្ធិសេរីភាពប្រជាពលរដ្ឋ ត្រូវបានលើកស្ទួយ ពោលគឺពលរដ្ឋអាចប្រកបរបរទទួលទាន និងធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសដោយសេរី។

លោក ម៉ក់ ហឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត តាមគោលកាណ៍បែបប្រជាធិបតេយ្យ សេរី ពហុបក្ស។

លោកស្នើដល់មហាជន កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលបំផុសឲ្យមានការគូសចោលសន្លឹកឆ្នោត ដែលជាអំពើផ្ទុយនឹងច្បាប់៕