(កណ្តាល)៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រែកឫស្សី និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ លោក គង់ វិបុល ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម និងសមាជិក សមាជិកបក្សទាំងអស់ក្នុងឃុំទាំង២នេះ បានបង្ហាញនូវការប្តេជ្ញាដណ្តើម យកជ័យជម្នះឈ្នះដាច់ ជូនគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
លោក គង់ វិបុល បានមានមតិសំណេះសំណាល និងលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកល្វាឯម គឺជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
លោកបន្តថា ការអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ មានន័យថា ស្រឡាញ់គណបក្សប្រជាជន ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ។
លោកបានបន្តទៀតថា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គឺជាថ្ងៃដែលបងប្អូនសម្រេចនូវជោគវាសនា ប្រទេសជាតិដោយខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងឈ្នះ។
ក្នុងឱកាសនោះលោក គង់ វិបុល រួមជាមួយសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕