(ព្រះសីហនុ)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាច់បំបែកសោកម៉ូតូ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដាថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះកាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ថាមានករណីបំបែកសោរកម៉ូតូមួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1J-8053 ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ, លោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៤ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តវីតិវិធី។

ជនសង្ស័យឈ្មោះ ឈិន កុសល អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ផ្លាកលេខព្រះសីហនុ 1J-8053 (ផលនៃអំពើចោរកម្ម), សោច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ ចំនួន២, ឧបករណ៍សម្រាប់ដោះម៉ូតូមួយចំនួន, កាំភ្លើងខ្លីក្លែងក្លាយ ០១ដើម (ធ្វើពីឈើ)។

បច្ចុប្បន្នជនសង្ស័យនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕