(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចែកចាយ និងផ្សព្វផ្សាយព័ត៌មានប្រឌិត បំភ្លៃ បង្កាច់បង្ខូចខុសពីការពិត ថា «មានការកាត់ដីនៅភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ដត្បូងឃ្មុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺធ្វើឡើងដោយអគតិ ដែលនាំឲ្យសាធារណជន មានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងបុព្វហេតុសង្គ្រោះជាតិ មាតុភូមិ និងធ្វើការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដី ស្ថិរភាពនយោបាយ ការអភិវឌ្ឍ សុខដុមរមនា និងការគោរពសិទ្ធិមនុស្ស ប្រជាជនរស់នៅមានកិត្តិយស សេចក្ដីថ្លៃថ្នូរក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាព ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំនេះ។
មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគិតគូរប្រកបដោយបញ្ញាញាណ ក្នុងការរៀបចំកិច្ចការព្រំដែនជាមួយនឹងប្រទេសជិតខាង ដោយកម្ពុជាទទួលបានដ៏សំណល់ពីការបោះបង្គោលព្រំដែន ប្រមាណជាង ២,០០០ហិកតា ក្នុងនោះ ខេត្តត្បូងឃ្មុំ ក៏ទទួលបានដីទំហំ ៦១១ហិកតា ៨២អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ព នគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ ក្នុងជំហានទី១ ចំនួន ២០០ខ្នងផ្ទះ និងបានបន្តរៀបចំដំណើរការនូវជំហានបន្តបន្ទាប់ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ក្នុងការប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍគួរទីមោទនៈ។
ក្នុងន័យនេះរដ្ឋបាលខេត្ត សូមបញ្ជាក់ថា បច្ចុប្បន្ន ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ជាភូមិចំណុះឲ្យរដ្ឋបាលឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានរៀបចំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានប្រែក្លាយជាតំបន់ រមណីយដ្ឋាន គួរជាទីគយគន់ និងទាក់ទាញភ្ញៀវទេសចរណ៍មកលំហែកាយលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេស ក្នុងពេលមានពិធីបុណ្យទានម្តងៗ។
ដូចនេះ ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការបដិសេដ និងថ្កោលទោសយ៉ាងដាច់អហង្ការរាល់ព័ត៌មានក្នុងបណ្តាញសង្គមទាំងឡាយណា ដែលបានបង្ហោះផ្សព្វផ្សាយ មានចេតនាធ្វើឲ្យ ចលាចលក្នុងសង្គម ដើម្បីកេងចំណេញផ្នែកនយោបាយ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការតាមនីតិវិធីច្បាប់ ចំពោះក្រុមជនខិលខូចបំពុលសង្គមដោយគ្មានការលើកលែង៕