(រតនគិរី)៖ លោក គិត ទ្រី បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ នីតិកាលទី៧ មណ្ឌលរតនគិរី និងលោក ងិន ណែល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកអូរជុំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះប្រជុំផ្សព្វផ្សាយឃោសនារកសំឡេងឆ្នោតនៅភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ មានពលរដ្ឋចូលរួមចំនួន២៥០នាក់ (ស្រី១៤៩នាក់)។
សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក សយ សូណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាបេក្ខជនបម្រុងតំណាងរាស្ត្រលេខរៀងទី២ មណ្ឌលរតនគិរី, លោក គៀង តុលា ប្រធានគណបក្សស្រុកអូរជុំ លោក លោកស្រីសមាជិកក្រុមការងារគណបក្សឃុំ ស្រុក ខេត្តចុះមូលដ្ឋានស្រុកអូរជុំ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។
លោក គិត ទ្រី និងលោក ងិន ណែល បានជំរុញឲ្យសមាជិកទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្ត ដែលជួយថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនបន្តទៀត។
ចុងបញ្ចប់លោកទាំង២នាក់ បានអំពាវឲ្យសមាជិកគណបក្សប្រជាជន និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់៕