(បាត់ដំបង)៖ អគារសិក្សាមួយខ្នងដែលជាជំនួយរបស់សប្បុរសជនកូរ៉េ​ខាង​ត្បូង បានសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ អគារសិក្សានេះ ស្ថិតនៅភូមិ​ចុង​​ប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អគារសិក្សានេះ ត្រូវបានក្រុងពាលីសាងសង់កាលពីនៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។ អគារសិក្សានេះ មានចំនួន ៣បន្ទប់ ទំហំទទឹង ៩ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ ចំណាយថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

នៅរសៀលថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣ លោក កែវ ផុង ជំនួយការសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិត និងស្វែងរក​ថវិកាសម្រាប់សាងសង់អគារសិក្សាខាងលើ ព្រមទាំងជនជានកូរ៉េខាងត្បូង ដែលជា​ម្ចាស់​ថវិកា បានអញ្ជើញចុះពិនិត្យអគារសិក្សា និងបានសំណេះ​សំណាល​ជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សា​នុ​សិស្ស​នៅ​ទី​តាំងអគារសិក្សាដោយផ្ទាល់។

នៅក្នុងពិធីនោះ ជនជាតិកូរ៉េជាម្ចាស់ជំនួយ បានបង្ហាញអារម្មណ៍រីករាយជា​ខ្លាំង ដែលបានចូលរួមចំណែកលើកកម្ពស់ការអប់រំនៅតាមទីជនបទក្នុង​ប្រទេស​កម្ពុជា តាមរយៈការជួយសាងសង់អគារសិក្សាខាងលើនេះ។

ជនជាតិកូរ៉េជាម្ចាស់ជំនួយ បង្ហាញក្តីរំពឹងថា អគារសិក្សានេះ នឹងធ្វើឱ្យលោក​គ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់រីករាយក្នុងការសិក្សា ហើយជួយ​លើកទឹកចិត្តឱ្យសិស្សទៅសិក្សាផងដែរ។

លោក កែវ ផុង បានរំលឹកពីទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលជា​ការ​ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៧។ លោក បានគូសរំលេចថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ក៏បានវិវឌ្ឍន៍កាន់តែ​ល្អ​ប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈទំនាក់ទំនងល្អនេះ ក៏បានធ្វើ ឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អ​ប្រសើរ​ផង​ដែរ។

សម្រាប់លោក កែវ ផុង ការដែលជនជាតិកូរ៉េខាងត្បូងមកជួយសាងសង់អគារ​សិក្សាខាងលើនេះ ផ្តើមចេញពីទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងប្រជា​ព​ល​​រដ្ឋ។ ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស លោក កែវ ផុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនកូរ៉េខាងត្បូង ដែលបានជួយសាងសង់អគារសិក្សាខាងលើនេះ។

នៅក្នុងពិធីនោះលោក កែវ ផុង ក៏បានរំលឹកប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ផងដែរ៕