(ភ្នំពេញ)៖ សិប្បកម្មដេរពូកសាឡុង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុងនោះបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះមួយខ្នងទៀត ឆេះអស់ទាំងស្រុង និងផ្ទះមួយខ្នងទៀត អស់ប្រហែល ១០%។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤៖៥០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចឃ្លាំងសិប្បកម្ម តាមបណ្តោយផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការអន្តរាគមន៍ជួយ ពន្លត់កុំឲ្យភ្លើងរីករាលដាល ដល់អ្នកក្បែរខាង ទាន់ពេលវេលា។ ក្នុងនោះ បានបណ្តាលឲ្យឆាបឆេះឃ្លាំងសិប្បកម្មចំនួន១ឃ្លាំង ទំហំ១៥ម៉ែត្រ គុណ ២០ម៉ែត្រ រួមមាន៖ ម៉ាស៊ីនដេរ និងភុងចំនួន ០៥គ្រឿង, រថយន្ត PAJARO ចំនួន១គ្រឿង, ម៉ូតូ Honda AirBlack ចំនួន១គ្រឿង នឹងឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន១ខ្នងអស់ទាំងស្រុង និងផ្ទះថ្មចំនួន១ខ្នង (ខូចខាតប្រហែល១០%)។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង៦៖៥០នាទីយប់ នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង១៦ម៉ែត្រគូប, រថយន្តបុរីប៉េងហួត ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង៣៦ម៉ែត្រគូប៕