(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ សង្ស័យពុលចំណីអាហារ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ខណៈដែលពួកគាត់ បានពិសាមីឆាដែលគេលក់តាមរទេះរុញនៅក្នុងមូលដ្ឋាន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៥៖៣៥នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឃុំទាំង២ខាងលើ។

លោកអភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា មានករណីប្រជាពលរដ្ឋពុលចំណីអាហារ (មីឆា) ដែ លធ្វើឱ្យពួកគាត់មានអាការៈចុកពោះក្អួតរាគដូចៗគ្នា។

បន្ទាប់ពីទទួលបានព័ត៌មានអំពីហេតុការណ៍ខាងលើនេះ លោកក៏បានចាត់ឱ្យក្រុមការងារ និងសមត្ថកិច្ច ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ និងបានទាន់ពេលវេលា ដែលមកដល់ពេលនេះពុំមានជន រងគ្រោះណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ពលរដ្ឋដែលរងគ្រោះដោយសារការពុលចំណីអាហារ (មីឆា)ខាងលើនេះ ទាំងក្មេងទាំងចាស់សរុបមានចំនួន១២នាក់ ក្នុងនោះពលរដ្ឋរស់នៅក្នុងភូមិក្រងផ្ដិល ឃុំប្រឡាយមាសចំនួន៩នាក់ ស្រី៣នាក់ និងពលរដ្ឋរស់នៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ចំនួន៣នាក់ ស្រី២នាក់។

មកដល់ម៉ោងនេះ ក្រោយពីមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ច ពិសេសគឺក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់មើលថែ និងព្យាបាលធ្វើឱ្យជនរងគ្រោះទាំង១២នាក់ មានអាការៈធូរស្បើយឡើងវិញហើយ។

ឆ្លៀតក្នុងឱកាសនោះ ជំនួសមុខឱ្យក្រុមគ្រួសារជនរងគ្រោះទាំងអស់ លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណយ៉ាងវិសេសវិសាលដល់លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត រួមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលលោ កខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដឹកជញ្ជូនជនរងគ្រោះពីមូលដ្ឋានមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

លោកក៏សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់សង្គ្រោះ និងព្យាបាលអ្នកជំងឺទាំងអស់ឲ្យមានសុខភាពប្រសើរឡើងវិញដោយមិនមានជនរងគ្រោះណាម្នាក់ទទួលរងគ្រោះធ្ងន់ធ្ងរនោះឡើយ។

ករណីខាងលើនេះ លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកក្កដាថា ករណីខាងលើនេះលោកបានឲ្យប៉ុស្តិ៍រដ្ឋបាល ប្រ ឡាយមាសអញ្ជើញលោកយាយជាអ្នកលក់មីឆាមកធ្វើការសាកសួរ តើគាត់បានប្រើប្រាស់បន្លែ ឬជាតិផ្សុំអ្វីខ្លះនៅក្នុងមីឆា ទើបបណ្ដាលឲ្យមានការពុលដល់អ្នកដែលទទួលទានបែបនេះ៕