(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។

កម្មវិធីនេះបានពិនិត្យឡើងវិញ នូវរបៀបគូសសន្លឹកឆ្នោត ដែលកន្លងមកក្រុមការងារគណបក្សប្រជាជន ក្នុងមូលដ្ឋានបានចុះបង្រៀនរបៀបគូសក្នុងសន្លឹកឆ្នោតរួចហើយ។

លោក សេរី កុសល បានជម្រាបអំពីមូលហេតុដែលបងប្អូនប្រជាពលរដ្ឋ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺក្នុងកាលៈទេសៈនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្រៅពីនោះក៏មានហូបនំបញ្ចុក និងការ៉េមកី ជាមិត្តភាព។

ក្នុងឱកាសនោះលោក ក៏បានអំពាវនាវដល់បងប្អូន ដែលនៅគណបក្សផ្សេងទៀត ឱ្យចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយគណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រី និងបេក្ខភាពបន្តវេនច្បាស់លាស់ មិនដូចគណបក្សផ្សេងទៀតដែលគ្មាន។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាលនេះ នៅល្ងាចថ្ងៃដដែលនោះ លោក សេរី កុសល បានបន្តដឹកនាំក្រុមការងារចុះមូលដ្ឋាននៃភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានសមាជិកចូលរួមប្រមាណជាង២០០នាក់។ ក្នុងពីធីសំណេះសំណាលនោះ ក្រៅតែពីរំលឹកអនុស្សាវរីយ៍ លោកបានពន្យល់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងការរៀបចំឯកសារផ្សេង ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។

ពិធីសំណេះសំណាលនោះ ក៏មានការចូលរួមពីលោក ញ៉េប ប៊ុនជិន, លោក យឹម សាវី ដែលសុទ្ធសឹងជាអតីតថ្នាក់ដឹកជាន់ខ្ពស់ គណបក្សហ្វ៊ុនស៉ិនប៉ិច រួមទាំងលោក ថាច់ សាង, លោក វ៉ាន់ សុផាន់ណា និងលោក ឃ្លោក នួយ ជាមួយបរិយាកាសរីករាយ និងមានការហូបអាហារសាមគ្គីរួមគ្នាផងដែរ។

បន្ទាប់មកទៀត លោក សេរី កុសល បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រពាំងថ្ម នៃឃុំប៉ោយចារ ប្រមាណជាង១០០នាក់។ ដូចគ្នានឹងការជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋកាលពីពេលមុនៗដែរ លោក សេរី កុសល បានរំលឹកនូវអនុស្សាវរីយ៍ និងបានពិនិត្យការត្រៀមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បន្ទាប់មកក្រុមការងារ និងប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ បានហូបអាហារសាមគ្គីរួមគ្នាប្រកបដោយក្តីរីករាយ។

ជារៀងរាល់ថ្ងៃលោក សេរី កុសល និងសហការី តែងតែចុះជួបប្រមូលផ្តុំប្រជាពលរដ្ឋតាមភូមិ គ្រប់រូបភាពចាប់ពី ១០០នាក់ រហូតដល់៥០០នាក់ ក្នុង១ថ្ងៃទាំងព្រឹក ទាំងល្ងាច ដើម្បីត្រួតពិនិត្យឡើងវិញ ពីលទ្ធផលនៃការងារ និងការបោះឆ្នោតគ្រប់បណ្តាឃុំនានានៃស្រុកភ្នំស្រុក។

សូមជម្រាបថា ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែកក្កដាមក លោក សេរី កុសល និងក្រុមការងារ បានចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកភ្នំស្រុក ដើម្បីពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ អំពីគោលនយោបាយអាទិភាព របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ដើម្បីធានាភាពឈ្នះ នៅក្នុងពេលឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕