(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ អំពាវនាវដល់ពលរដ្ឋបារាំងអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូប និងដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១ ទាំង១៩៨នាក់ នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលស្ថិតនៅ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ សង្ឃឹមថា តាមរយៈការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងតាមរយៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) នឹងអាចទាក់ទាញបាននូវភ្ញៀវទេសចរបារាំងមកកម្ពុជាបន្ថែម។
សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សង្ឃឹមថា ឯកឧត្តម ហ្សាក់ ប៉ឺឡេ នឹងជួយទាក់ទាញទេសចររបស់បារាំង ឱ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិត កាលពីសង្រ្គាមលោកលើកទី១ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
ទន្ទឹមគ្នានេះសម្តេចតេជោថែមទាំងបានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតបានផងដែរ។ ព្រមទាំង ប្រគល់សមិទ្ធផលជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាវិមាននេះ ដើម្បីបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃកម្ពុជា ដែលមានវ័យចំណាស់៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។
សូមជម្រាបថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ ប៉ុន្តែនៅឆ្នាំ១៩៧៥ វិមាននេះត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕