(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាសរុប ៣៣០០០ដុល្លារអាមេរិក ដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ ៣៣នាក់ ដើម្បីជាការលើកទឹកចិត្ត បន្ទាប់ពីពួកគេ បានប្រឹងប្រែងយកឈ្នះក្រុមកីឡាករសិង្ហបុរី ដោយលទ្ធផល ២-១។ ជ័យជម្នះរបស់កម្ពុជា នៅថ្ងៃនេះ គឺជាការបំបែកប្រវត្តិសាស្រ្តថ្មីមួយទៀត បន្ទាប់ពីរយៈពេល ១៣ឆ្នាំចុងក្រោយនេះ កម្ពុជា មិនដែលយកឈ្នះសិង្ហបុរី នោះឡើយ សូម្បីតែស្មើ ក៏មិនដែលផងដែរ។
ថវិកា ៣៣០០០ដុល្លារនេះ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ គឺទទួលបានម្នាក់ ១០០០ដុល្លារស្មើៗគ្នា។ ទន្ទឹមនិងការឧបត្ថម្ភថវិកា ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករកម្ពុជាផងដែរ ដែលបានបំបែកប្រវត្តិ សាស្រ្តយកឈ្នះសិង្ហបុរី។
សម្តេចតេជោ បានបញ្ជាក់លើទំព័រ Facebook សម្តេចថា «ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទាត់ឈ្នះកីឡា បាល់ទាត់ប្រទេសសឹង្ហបូរី ២-១ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ “CLEAR International” ដែលទើបចប់ការប្រកួតអំបាញ់មិញនេះ»។ «ខ្ញុំសូមចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករខ្មែរចំនួន ២៥នាក់ គ្រូបង្វឹកនិងមន្រ្តីចំនួន ៨នាក់ ដែល ក្នុងម្នាក់ៗទទួលបានបា្រក់ចំនួន $1,000 (មួយពាន់ដុល្លារ) ដែលនឹងប្រគល់ជូនដោយ ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា»។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ជាពិសេសយុវជន ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តទាំងនៅក្នុងពហុកីឡដ្ឋានផ្ទាល់ និង មើលនៅលើផេក Facebook របស់សម្តេច។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់ក្រុមគណ:កម្មការ នៃការប្រកួតចំនួន៤៩នាក់ផងដែរ ដោយម្នាក់ៗ ទទួលបាន១លានរៀល។ នេះបើយោងតាម លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។
ជាមួយជ័យជម្នះរបស់ក្រុមកីឡាករកម្ពុជានេះ សម្តេចតេជោ បានផ្តល់នូវពាក្យជយឃោសថា «យើងទាំងអស់គ្នាចូលរួមលើកតម្កើងវិស័យកីឡាជាតិ ឲ្យកាន់តែរីកលូតលាស់ខ្លាំងឡើង»៕