(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ-បារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី១ គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ និងចូលរួមទប់ស្កាត់សង្គ្រាមកុំឱ្យកើតមានឡើងវិញផងដែរ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២បារាំង-កម្ពុជា ដែលពិធីសម្ពោធនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី១ ចន្លោះពីឆ្នាំ១៩១៦-១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ»។
សម្ដេចតេជោក៏បានទទួចឱ្យប្រជាជនគ្រប់គ្នាត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់នូវគ្រប់ឧបាយកលដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថិរយូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ។
សូមជម្រាបថា កាលពីសម័យអាណានិគមនិយមបារាំង កងទ័ពស្ម័គ្រចិត្តខ្មែរត្រូវបានបញ្ជូនទៅធ្វើសង្គ្រាមនៅប្រទេសបារាំង ដើម្បីទប់ទល់នឹងការឈ្លានពានរបស់អាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៩) ប៉ុន្តែពួកគាត់មួយចំនួនត្រូវបានពលីជីវិតក្នុងសង្គ្រាមនោះ៕