(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
នាឱកាសនោះប្រជាពលរដ្ឋននៅនៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង ក៏បានប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់។
នៅក្នុងពិធីនោះដែរលោក ហួរ សារ៉ាត់ ដែលជាអតីតសកម្មជននយោបាយគណបក្សភ្លើងទៀន ដែលមានស្រុកកំណើតនៅភូមិត្រពាំងសង្កែ ឃុំស្វាយភ្លើង និងបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ បានលើកឡើងដែរថា បន្ទាប់ពីរូបលោកធ្លាប់បានដើរតាមគណបក្សប្រឆាំង អស់រយៈពេល១០ឆ្នាំកន្លងមក គឺគ្មានឃើញមានការជួយគាំទ្រដល់ការអភិវឌ្ឍន៍នោះទេ មានតែការឃោសនារារាំងមិនឱ្យបរទេសធ្វើការវិនិយោគមកកម្ពុជា និងមិនឱ្យបរទេសនាំយកទំនិញពីកម្ពុជា, ផ្តាច់ជំនួយពីកម្ពុជា និងធ្វើឱ្យសកម្មជនខ្លួនត្រូវរងទោសទណ្ឌ ជាក់ស្តែងរូបលោកក្រោយដើរតាមគណបក្សប្រឆាំង ត្រូវរងទោសទណ្ឌ រហូតរត់គេចខ្លួនទៅនៅសហរដ្ឋអាមេរិក។
រហូតមកដល់ពេលនេះទើបរូបលោកបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយឃើញមានការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្តើមចេញពីបាតដៃទទេរហូតដល់មានសមិទ្ធផលជាច្រើនដូចជា៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ និងមានការអភិវឌ្ឍន៍ជាច្រើនទៀត ដល់តំបន់មូលដ្ឋានដាច់ស្រយាលផងដែរ។
បន្ថែមពីនេះលោក ហួរ សារ៉ាត់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ចើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការអភិវឌ្ឍប្រទេសជាតិកាន់តែរីចំរើនថែមទៀត នឹងមិនត្រូវជឿលើការឃោសនា និងបង្ករភាពចលាចល តាមរយៈការមិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលនោះឡើយ ដោយយើងត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
នាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតមានរួចហើយ និងកំពុងកើតមាននៅទូទាំងប្រទេស និងបានអះអាងថា សមិទ្ធផលទាំងនេះកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សបន្តទៀត។
លោកបណ្ឌិត ថោង ខុន ក៏បានជម្រាបជូនប្រជាពលរដ្ឋផងដែរថា គណបក្សប្រជាជនគឺជាគណបក្សដែលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ និងចេះយោគយល់អធ្យាស្រ័យគ្នាចំពោះអ្នកណាដែលអាចយោគយល់បានហើយដែលចេះមានការភ្ញាក់រលឹក គឺគណបក្សប្រជាជនកម្ពុជា និងឲអធ្យាស្រ័យឱ្យជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជន។
ជាមួយគ្នានោះលោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ៕