(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសប្រគល់សមិទ្ធផលវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដ៏មានអត្ថន័យជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាហើយវិមាននេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។

ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាហើយវិមាននេះនឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលរដ្ឋបារាំងអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូបនៅវិមានអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់ មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបាន ពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា៕