(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយគ្នានេះខ្ញុំក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ»។
ជាមួយនឹងការផ្តល់ជូននូវវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដល់ស្ថានទូតបារាំងរៀបចំពិធីផ្សេងៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈវិមានមួយនេះ លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះដើម្បីបានដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធដល់វីវជនដែលបានបូជាជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ នឹងដើម្បីបង្កើតនូវទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជា និងប្រជាជនបានរាំងផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងថែរក្សា នឹងបានគូសបញ្ជាក់ថា វិមាននេះនឹងបង្កើតនូវសោភណ្ឌភាព និងបរិស្ថានទីក្រុងល្អជូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិនៅក្នុងរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ដែរថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១នេះ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។
នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing៕