(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការការងាររបស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន។
កិច្ចប្រជុំគណៈកម្មការការងារនេះដឹកនាំដោយឧត្តមសេនីយ៍ទោ(និវត្តជន) CESAR P.POBRE PA ប្រធានសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានប្តូរវេនឆ្នាំ២០២៣ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅខេត្តបាប៉ាង៉ា សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើប្រធានបទផ្សេងៗស្របតាមទស្សនៈ បេសកកម្ម និងគោលការណ៍គ្រឹះរបស់សហព័ន្ធដូចជា៖ ១.ការពារនិងលើកកំពស់សន្តិភាពនៅក្នុងតំបន់ ការផ្តល់ក្តីសង្ឃឹម និងការចូលរួមកិច្ចការផ្សេងៗទៀតក្នុងពិភពលោក ២.យកចិត្តទុកដាក់ថែទាំ និងគាំទ្រទាំងផ្នែកសម្ភារៈនិងសីលធម៌ដល់អតីតយុទ្ធជន ៣.ពង្រឹងទំនាក់ទំនងជិតស្និទ្ធ មិត្តភាព និងភាតរភាព ៤.ចូលរួមសកម្មភាពស្របតាមគោលការណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ “អាស៊ាន” ឱ្យទាន់ពេលវេលា។
ជាលទ្ធផលគណៈកម្មការការងារ បានសម្រេចលើកយកសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៧ ដើម្បីដាក់ជូនគណៈកម្មាធិការប្រតិបត្តិលើកទី៣៥ និងមហាសន្និបាតលើកទី២២ ដើម្បីពិនិត្យនិងអនុម័តនៅខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋហ្វីលីពីនខាងមុខនេះ។
សូមបញ្ជាក់ថាសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព៕