(ភ្នំពេញ)៖ សម្ព័ន្ធសហជីពជាតិ (NTUC) ដែលជាសហជីពឯករាជ្យ បានចេញលិខិតអំពាវនាវ ដល់បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងលិខិតអំពាវនាវរបស់សម្ព័ន្ធសហជីពជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឲ្យបងប្អូនកម្មករ និយោជិត បានឈប់ទៅបោះឆ្នោតចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតយើងនៅដដែល។

សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូន កម្មករ និយោជិត ឆ្នាំ២០២៤ខាងមុខនេះ និងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្ដរជាតិ តាម រយៈការបោះឆ្នោតនេះហើយ។

សម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ទៀតថា រីឯគណបក្សនយោបាយចូលរួមមានចំនួន១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះសូមបងប្អូនសមាជិក-សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមជ្រើសរើស និងគូសយកបានតែមួយគត់ ក្នុងចំណោម១៨គណបក្ស ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ វត្តមាននៃការចូលរួមបោះឆ្នោតរបស់បងប្អូន សមាជិក-សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំង ពីមនសិការ ស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ៕

ខាងក្រោមនេះជាលិខិតអំពាវនាវរបស់សម្ព័ន្ធសហជីពជាតិ៖