(ទីក្រុងវៀងច័ន្ទ, ឡាវ)៖ ភាពចម្រុងចម្រាស់ប៉ុន្មានថៃ្ងនៅកណ្តាលក្រុងវៀងច័ន្ទ បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាយ៉ាងសម្បើមតាម រយៈសង្រ្គាមព័ត៌មាន ដែលគេសង្ស័យថា ជាការទម្លាយចេញដោយចេតនា។

យោងតាមប្រភពព័ត៌មានពីមន្រ្តីអាស៊ាននៅឯកិច្ចប្រជុំបានឲ្យដឹងថា សមាជិកអាស៊ានចំនួន ៤ប្រទេស៖ ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី និង វៀតណាម ដែលមាននិន្នាការទៅរកអាមេរិក បានចងគ្នាជាចង្កោម ដើម្បីវ៉ៃកម្ពុជាក្នុងអំឡុងពេល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅទី ក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅដើមសប្តាហ៍នេះ ដែលមានប្រទេសជិត ៣០ចូលរួម។

តែក្នុងរយៈពេលពីរថៃ្ង កេរ្ត៍ឈ្មោះកម្ពុជា ត្រូវបានសារព័ត៌មានបរទេសយ៉ាងច្រើនលើសលប់បាននាំគ្នាផ្សាយយ៉ាងគគ្រឹកគគ្រេងចេញពីទី ក្រុងវៀងច័ន្ទ ដោយចោទកម្ពុជា ត្រង់ៗថា ជាប្រទេសតែមួយគត់ ដែលជាអ្នករារាំងសេចក្តីប្រកាសព័ត៌មានរួមរបស់អាស៊ាន មិនឲ្យចេញ រួចហើយក៏មានការបន្ទរបនែ្ថមពីឯកអគ្គរដ្ថទូតគោចរ (ambassador-at-large) របស់ប្រទេសអាស៊ានមួយរូបបញ្ចេញមតិរបស់គាត់ គិតដល់ការចង់បណេ្តញកម្ពុជាចេញពីអាស៊ាន ជាបរិបទថ្មីមួយក្នុងប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន ហើយក៏មិនដែលគិតដល់ គិតចាប់ពី អាស៊ានចាប់កំណើតរហូតបានអាយុ៤៩ឆ្នាំនេះ ។

 

ហេតុអ្វីបានជាគេខឹងសម្បារកម្ពុជាខ្លាំងម្ល៉េះ?

វាជារឿងតភាគនៃរបួសស្នាមចាស់របស់កម្ពុជាដែលបានបន្សល់កាលពីឆ្នាំ២០១២ ដែលកាលណោះកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយក្នុងនាមជាប្រធាន កម្ពុជា បានជំនះលើប្រទេសរៀមច្បងពីរ៖ ហ្វីលីពីន និងវៀតណាម លើការទាមទារប្រើប្រាស់ពាក្យពេចន៍ចំៗសំដៅទៅលើប្រទេសចិន ដែលមិនមែនជាទំរង់និងទំលាប់របស់អាស៊ាន ។

សម្រាប់វៀតណាម ប្រទេសឡាវ ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០១៦ គឺជាសមរភូមិនយោបាយនិងសមរភូមិការទូតដ៏ក្តៅគគុក ជាពិសេសលើការបម្រែបម្រួលរបបនយោបាយណាមួយ ដែលវៀតណាមអាចប្រមើលមើលឃើញថា ឡាវអាចចាប់ផ្តើមដកជំហ៊ានថយ ក្រោយពីវៀតណាម ដើម្បីត្រៀមបែររកចិនជាជន្ទល់វិញ។ ដោយសារកត្តានេះហើយ បានជាវៀតណាមជាមួយសម្ព័ន្ធមិត្ត ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី បូកជាមួយឥណ្ឌូណេស៊ី និង ភូមា ដែលមានអាមេរិក បូកជាមួយជប៉ុន និង អូស្រ្តាលី នៅជួយពីក្រោយ បានយកវេទិកាប្រជុំ អាស៊ាននៅឡាវ ដើម្បីធ្វើការបាញ់រះដល់កម្ពុជា និងបន្ទុចដំណើរណាមួយរបស់ឡាវ ដែលអាចធ្វើសេចក្តីសម្រេចលម្អៀងទៅរកចិន។

បើយើងមើលមួយភែ្លត សភាពការណ៍ប្រជុំនៅទីក្រុងវៀងច័ន្ទ ប្រៀបដូចជាសមរភូមិការទូតដ៏ធំមួយ ដែលត្រូវបានមហាអំណាចធំពីរ អាមេរិក និង ចិន បានសាកកម្លាំងគ្នា ដោយឲ្យសម្ព័ន្ធមិត្តតូចៗរបស់ខ្លួន ចាប់ផ្តើមប៉ះគ្នាមុន រួចទើបអ្នកទាំងពីរចូលសម្រួលតាមក្រោយ។

មន្រ្តីអាស៊ានមួយចំនួន បានចាប់ផ្តើមបារម្ភថា ភាពល្អូកល្អើនរបស់អាស៊ានក្នុងរយៈពេលជិតកន្លះសតវត្សមកនេះ អាចឈានចូលដល់ផ្លូវ បំបែក ដោយសារតែកត្តាប្រែប្រួលរបស់ពិភពលោក កត្តានយោបាយ និងសេដ្ឋកិច្ច ធ្វើឲ្យប្រទេសអាស៊ាននីមួយៗត្រូវរកខ្នងបងែ្អករៀងៗខ្លួន ដូចនេះហើយ ធ្វើឲ្យឥទ្ធិពលរបស់អាមេរិក និងចិន កាន់តែខ្លាំងៗឡើង។ ស្ថានការណ៍សព្វថៃ្ងរបស់អាស៊ានប្រៀបដូចជា «គេង លើគ្រែតែមួយ ប៉ុនែ្តសុបិនពីរខុសគ្នា»

ការប្រេះស្រាំរបស់អាស៊ាន មិនមែនមានតែលើឯកសារ និងតាមរយៈការជជែកតឹងសរសៃកនិងមើលមុខគ្នាមិនត្រង់ប៉ុណ្ណោះទេ សូម្បីតែការស្នាក់នៅ ក៏ត្រូវបានបែងចែកប្លុកអាមេរិក និងប្លុកចិនរួចទៅហើយ។ ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី បានស្នាក់នៅក្នុងសណ្ឋាគារ តែមួយជាមួយអាមេរិក រីឯកម្ពុជា ប្រ៊ុយណេ ភូមា និង កូរ៉េខាងជើង បានស្នាក់នៅជាមួយបងធំចិន។

 

ទ្រឹស្តីហៀរកែងរបស់ចិន និង កូរ៉េខាងជើង ប៉ះជាមួយអាមេរិក និង ជប៉ុន

សហរដ្ឋអាមេរិកដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក ចន ឃើរី  និង ហ្វូមីអុ គីស៊ីដា រដ្ឋមន្រ្តីការបរទេសរបស់ជប៉ុន បានលើក យកទិដ្ឋភាពច្បាប់អន្តរជាតិ សិទ្ធិសេរីភាពនាវាចរ និងសេចក្តីសម្រេចរបស់តុលាការនៅទីក្រុងឡាអេ ជាផ្ទាំងស៊ីបដើម្បីវាយប្រហារចិន ដែលខ្លួនគិតថាកំពុងបង្ហាញសាច់ដុំនិងសកម្មភាពគឃ្លើននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ទន្ទឺមគ្នានោះ អាមេរិកនិងជប៉ុន បូកជាមួយកូរ៉េខាងត្បូងផង ក៏បានព្រួតគ្នាកកេរកូរ៉េខាងជើងផងដែរ។ ជាការឆ្លើយតប ចិនបាននិយាយថា «ចិនមានចំណែកនៅក្នុងតំបន់អាស៊ាន ហើយទីនេះ ជាផ្ទះរបស់យើង។ អ្នកមិនត្រូវយករទេះ មកដាក់ពីមុខសេះយើងឡើយ»។ ចំណែកឯកូរ៉េខាងជើងដែលត្រូវបានគេដាក់រហ័សនាមថា «ជាកេ្មងរប៉ិលរប៉ូចមិនខ្លាចចាស់ទុំ» ក៏បានវាយបកទៅអាមេរិកវិញថា «យើង ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញថា ប្រទេសធំប៉ុណ្ណាក៏ដោយក៏មិនសុខដែរ បើសិនជាប្រទេសនោះឯង នៅតែឆាឆៅ និងបង្ករបញ្ហាដល់ប្រទេសតូច។ អាមេរិកត្រូវតែត្រៀមខ្លួនបង់ការខូចខាតដ៏ធំសម្បើមឲ្យហើយទៅ»

នៅមុនវេទិកាតំបន់អាស៊ានដែលមានប្រទេសជិត៣០ចូលរួមត្រូវបានបញ្ចប់នៅល្ងាចថៃ្ងទី២៦ អាមេរិកនិងសម្ព័ន្ធមិត្តនៅតំបន់អាស៊ី បានព្រួតគ្នាវ៉ៃចិនស្ទើរទក់សាច់ តែក៏មានការបបោសអង្អែលលួងលោមផងដែរ ប៉ុន្តែចិនហាក់ដូចជារឹងប៉ឺង ហើយបានឆ្លៀតដៀមដាមឲ្យអាមេ រិក ជប៉ុន និង អូស្រ្តាលី ថាបានប្រើស្នៀត «នាគវ័តកន្ទុយ» ដោយសារតែប្រទេសទាំងបីបបួលគ្នាចេញសេចក្តីថែ្លងការបែបដៀមដាមឲ្យ ចិនមួយថ្ងៃមុនកិច្ចប្រជុំទាំងមូលត្រូវបានបញ្ចប់។

 

ហ្វីលីពីន និងវៀតណាម រាំវង់បីថ្ងៃជាប់គ្នា

ហ្វីលីពីន និងវៀតណាម ត្រូវបានគេអត្ថាធិប្បាយថាបានប្រើចង្វាក់រាំវង់បីថ្ងៃជាប់គ្នាដោយពុំបានប្តូរទៅជាចង្វាក់ ធ្វីស ឆាចឆាចឆា ឬម៉ាឌីស៊ន ឡើយ នៅពេលគេនិយាយទៅដល់រឿងជម្លោះសមុទ្រចិនខាងត្បូង។

 

កម្ពុជា ឡាវ ឆ្លៀតធ្វើការស្ងាត់ៗ

យោងតាមព័ត៌មានពីកនែ្លងកិច្ចប្រជុំបានឲ្យដឹងថា កម្ពុជាបានបោះនំមួយដុំទៅឲ្យឡាវដែលជាម្ចាស់ផ្ទះដើម្បីយកទៅចែកគ្នា នោះគឺរូបមន្ត រកដំណោះស្រាយថាគួរធ្វើយ៉ាងណា ដើម្បីទម្លុះទម្លាយលើភាពប្រទាំងប្រទឹសគ្នាជុំវិញលើការប្រើប្រាស់ពាក្យពេចន៍ដែលហ្វីលីពីន និងវៀតណាមចង់បាន ហើយចិនក៏អាចទទួលបាន នោះគឺការរំកិលឃ្លាដែលរសើបខ្លាំងនិងមុតស្រួចនោះ យកទៅដាក់នៅកន្លែងដែលគេពុំសូវ ចាប់អារម្មណ៍ រូបមន្តនោះហើយដែលបានបំបែកភាពទាល់ច្រក។  

ខ្ញុំបានឈ្លេចសួររដ្ឋមន្រ្តីការបរទេសកម្ពុជានៅឯកិច្ចប្រជុំក្នុងប្រទេសឡាវ ថាហេតុអ្វីបានជាកម្ពុជាត្រូវប្រកាន់ជំហររឹងបែបនេះ ជាការឆ្លើយតប លោក ប្រាក់ សុខុន បានទាញហេតុផលថា កម្ពុជាចង់បញ្ចៀសកុំឲ្យចិនបញ្ឈប់លើដំណើការអនុវត្តពេញលេញលើឯកសារនយោបាយ (DOC) និងការចរចារបន្តលើក្រមប្រតិបត្តិ (COC) ដែលជាឯកសារច្បាប់ នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ លោកបន្តថា ឯក សារនយោបាយ (DOC) ជាសមិទ្ធិផលមួយដ៏ធំ ទម្រាំបានអាស៊ានទាំង១០រួមនឹងចិនឯកភាពគ្នាចុះហត្ថលេខានៅពេលដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនៅឆ្នាំ២០០២។ ការបរាជ័យណាមួយ ឬការផ្អាកដំណើរការចរចារបន្តលើ (COC) អាចមានន័យស្មើនឹងឯកសារដែលត្រូវ បានចុះហត្ថលេខានៅកម្ពុជា ត្រូវបានគេហែកចោល។ ចំណុចទីពីរលោករដ្ឋមន្រ្តី បានបន្តថា ក្រោយការចេញសេចក្តីសម្រេចរបស់ តុលាការ នៅក្រុងឡាអេលើបណ្តឹងរបស់ហ្វីលីពីនរួចមក សភាពការណ៍នៅក្នុងតំបន់ក្តៅ ហើយកម្ពុជាចង់ការពារទំនាក់ទំនងអាស៊ាន ចិន កុំឲ្យធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ផងនិងសង្រ្គាមក្តៅផង។ ត្រង់ចំណុចនេះ ប្រហែលជាលោក ប្រាក់ សុខុន ចង់បង្ហើបតែមិន និយាយថាកម្ពុជា (ជាពិសេសថ្នាក់ដឹកនាំនៅឯក្រុងភ្នំពេញ) អាចដឹងក្លិនថា ចិនពិតជាដើរឆ្ពោះទៅមុខ ហើយនោះជាគ្រោះថ្នាក់ដល់ តំបន់ទាំងមូល បើសិនជាគ្មានប្រទេសណាមួយជួយទប់និងជួយសម្របសម្រួល។    

បែរមកកម្ពុជា ឡាវ ឆ្លៀតធ្វើការស្ងាត់ៗវិញ មុននឹងឈានដល់ចំណុចឯកភាពគ្នា តាមការបង្ហើបឲ្យដឹងពីប្រភពព័ត៌មាននៅឯកិច្ចប្រជុំ រដ្ឋ មន្រ្តីការបរទេសថ្មី លោក ប្រាក់ សុខុន ដែលទើបចូលកាន់តំណែងបានជាងបីខែ បានព្យាយាម ប្រឹងប្រែង ទំលុះភាពទាល់ច្រកដោយ ត្រូវធ្វើការទូតត្រីកោណ៖ ជាមួយម្ចាស់ផ្ទះឡាវ ជាមួយនាយករដ្ឋមន្រ្តីនៅឯទីក្រុងភ្នំពេញ និងជាមួយចិន ហើយទីបំផុត ក៏ទទួលបាន ជោគជ័យ ដោយអាស៊ានទាំងមូលឯកភាព ជាពិសេសហ្វីលីពីនតែម្តង ហើយជាលទ្ធផល ចិនបានសន្យាផ្តល់នូវកាដូបួនចំណុចវិជ្ជមាន ដល់អាស៊ាន (ពិសេសសម្រាប់ប្រទេសកំពុងមានជំលោះជាមួយចិន) ហើយក្នុងបួនចំណុចនោះ រួមមានការសន្យាបញ្ចប់ឯកសារច្បាប់ «ក្រមប្រតិបត្តិ» នៅពាក់កណ្តាលឆ្នាំក្រោយ។

វេទិកាកិច្ចប្រជុំអាស៊ាននានាត្រូវបានគេលេបខាយឲ្យងារថា «និយាយច្រើន ធ្វើតិច ឬ គ្រាន់តែជាហាងមួយដែលគេបង្កើតឡើងដើម្បីទុក ឲ្យជជែកគ្នាលេងតែប៉ុណ្ណោះ» (Talk but Less Action, or Talk Shop)។

មានអ្នកសារព័ត៌មានបរទេសសួរខ្ញុំថា រដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ជានរណា? ខ្ញុំឆ្លើយថា លោកធ្លាប់ជាអ្នកកាសែត ជាទាហ៊ាន និងជាអ្នកការទូត៕

ដោយ៖ ពុយ គា អ្នកសារព័ត៌មានខ្មែរមួយរូប ដែលតែងតែតាមប្រមាញ់ព័ត៌មានអាស៊ាន