(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) អញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។
វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។
នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។
លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថាបត្យកម្មសហរចនាបថ ដោយរួមបញ្ចូលនូវផ្នត់គំនិតស្ថាបត្យកម្មបុរាណខ្មែរជាច្រើនសម័យកាល តាំងពីសម័យអង្គរដល់សម័យក្រោយអង្គរ។ ចំណុចពិសេសបំផុតនោះគឺ វិមាននេះមានទស្សនៈមួយភាគធំដូចគ្នាទៅនឹងប្រាសាទនាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។
លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាននេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាពដ៏ហានក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្មដ៏រឹងមាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។
និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យក្រុមគ្រួសារយុទ្ធជនដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយក៏ជាការរៀបចំឱ្យសមនឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។
ខាងក្រោមនេះជាព័ត៌មានពាក់ព័ន្ធនឹងសំណង់៖
* វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ។
* ក្រុមការងារបច្ចេកទេសបានយកបំណែកលោហធាតុដែលនៅសេសសល់ពីការបែកបាក់ ផ្គុំគ្នាជាមួយនឹងរូបដែលធ្វើបំពេញថ្មី ដើម្បីរក្សាបាននូវតម្លៃអភិរក្ស និងភាពជាប្រវត្តិសាស្ត្រ។
* វិមានចាស់បែរមុខទៅទិសខាងលិច។ ចំណែករូបថ្មីនេះ បែរមុខទៅទិសខាងកើត ស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ឱ្យអ្នកដែលធ្វើមរណកាលទៅបានទៅកើតនាឋានសុគតិភព និងជាទិសមានជ័យភូមិល្អព្រោះមានទន្លេនៅខាងមុខ។
* ការសិក្សាស្រាវជ្រាវជាមួយភាគីបារាំងលោកស្រី Gaelle ROGATIONS សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៅសាលា Lycée Français René Descartes បានរកឃើញឈ្មោះអ្នកដែលមិនទាន់បានបញ្ចូលក្នុងបញ្ជីអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចំនួន ១០រូបបន្ថែមទៀត បូកនឹងបញ្ជីចាស់ដែលមានចំនួន ១៨៨រូប សរុបស្មើនឹង ១៩៨រូប ដែលក្នុងនោះមានទាហានបារាំងចំនួន ៣៣រូប ដែលបានធ្វើដំណើរពីកម្ពុជាទៅច្បាំងនៅគ្រានោះផងដែរ។
+ គ្រឿងទព្វសម្ភាររបស់វិមាននេះមានដូចតទៅ៖
* ខឿនវិមាន៖ សាងពីបេតុង និងថ្មក្រានីត មានរាងអដ្ឋកោណទំហំ ១៤,២០ម៉ែត្រ គុណនឹង ១៤,២០ម៉ែត្រ កម្ពស់ ១,៧០ម៉ែត្រ មានរៀបចំសួនផ្កានៅថ្នាក់ខាងក្រោមខឿនប្រដូចគ្នាទៅនឹង ជើងភ្នំហេមពាន្ត នៅផ្នែកបន្ទាប់មានខឿនសាជីចំនួនបីថ្នាក់ប្រដូចទៅនឹងភ្នំព្រះសុមេរុក្នុងស្ថាបត្យកម្មខ្មែរជាទីឋានដែលមានទេវតារស់នៅ។ការរៀបចំខឿនសាជីចំនួនបីថ្នាក់នេះមាន វត្តមានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៧ មកម្លេះ។
* ឆ្មាំតោចំនួន៤៖ រូបរាងស្រស់សង្ហាលម្អដោយក្បាច់រចនាផ្សេងៗយ៉ាងវិចិត្រ ស្ថិតនៅលើខឿនវិមានតាមជ្រុងអនុទិសនៃវិមាន បានយកលំនាំតាមទម្រង់សិល្បៈ ខ្មែរសម័យអង្គរសតវត្សរ៍ទី១២នៃគ.ស. ប្រភពមកពីប្រាសាទព្រះថ្កោលខេត្តព្រះវិហារ។
* បល្ល័ង្ក៖ ដែលយកមកបំពាក់នៅលើជើងកោសវិមាននេះ គេនិយមប្រើប្រាស់ក្នុងសម័យអង្គរនៅអំឡុងសតវត្សរ៍ទី១១នៃគ.ស.។ គំរូដើមដូចគ្នាទៅនឹងបល្ល័ង្កវិមាននេះមានប្រភពដើម មកពីប្រាសាទបុរាណជាច្រើន ក្នុងនោះរួមមានប្រាសាទរោងចិន ភ្នំគូលែន, វត្តល្វាក្រាំង ស្រុកវ៉ារិន ខេត្ដសៀមរាប, វត្ដហេមវ័ន ស្រុកវ៉ារិន ខេត្ដសៀមរាប។ល។
* ដំរីចំនួន៤៖ នៅតាមជ្រុងអនុទិសនៃវិមាន តំណាងឱ្យកម្លាំងថាមពល និងភាពអំណត់អត់ធន់ អាចពុះពារប្រកបកិច្ចការលំបាកផ្សេងៗឱ្យសម្រេចបាន និងជាយានជំនិះបរិបូរណ៍ទៅដោយយស។ ទស្សនៈក្នុងការសាងរូបដំរីនៅជ្រុងអនុទិសគឺត្រូវបានយកលំនាំតាមប្រាសាទបាគង ជាប្រាសាទរាងសាជីតំណាងឱ្យភ្នំសុមេរុ ក្នុងរាជ្យព្រះបាទឥន្ទ្រវម៌្មទេវទី១ ចុងសតវត្សរ៍ទី៩នៃគ.ស. និងជាផ្ចិតនៃរាជធានីហរិហរាល័យ, ប្រាសាទដំរី កោះកេរ សតវត្សរ៍ទីនៃ១០គ.ស.។
* តួកណ្តឹង៖ សាងពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ មានលម្អដោយចម្លាក់មនុស្សដែលបានបន់ស្រន់ឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាម និងការមកទទួលអបអរស្វាគមន៍ដោយមានបុរសកាន់ឆ័ត្ររួត ស្ត្រីបីកូន និងកាយវិការផ្សេងៗ គ្រាមានជ័យជម្នះត្រឡប់ពីសង្គ្រាមប្រទេសបារាំងវិញ នៅលើតួកណ្តឹងទៀតសោតក៏មានចម្លាក់ដំណាំកសិផលដូចជា ពោត ល្ង ស្រូវជាដើម ដែលប្រជាជនខ្មែរខិតខំធ្វើកសិផល ដើម្បីបំពេញតម្រូវការរបស់ប្រទេសបារាំង។
* នាគជ្រុងអនុទិស៖ នាគចំនួន៤ យកលំនាំតាមទម្រង់សិល្បៈខ្មែរសម័យអង្គរ សតវត្សរ៍ទី១២នៃគ.ស. ស្ថិតនៅជ្រុងអនុទិសផ្នែកខាងលើនៃក្បាលដំរី និងខាងក្រោមតួកណ្តឹង។ មើលទៅដូចជាកំពុងព័ទ្ធជុំវិញតួកណ្តឹង ការរចនានាគ នៅលើដំរីតាមជ្រុងអនុទិសនៃវិមាន គឺជាការសំយោគទស្សនៈផ្ទាល់ខ្លួនបញ្ចូលក្នុងសំណង់។
* រូបបដិមាទាហានខ្មែរ-បារាំង៖ កម្ពស់ ២,៨០ម៉ែត្រ ដោយរូបបារាំងដៃឆ្វេងដាក់លើស្មាទាហានខ្មែរដៃស្តាំកាន់ស្លឹកឡូរីយេ ចំណែកទាហានខ្មែរដៃទាំងពីរលើកឡើងលើកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព។ រូបបដិមាទាំងពីរនេះ តំណាងឱ្យវីរភាព ភាពក្លាហាន និងការលះបង់ខ្ពស់ ដែលបានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រកម្ពុជា-បារាំង៕