(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តបញ្ជាក់ជូនបងប្អូនអាជីវករឲ្យដឹងថា ដើម្បីជាភាពកក់ក្តៅក្នុងចិត្តដល់អាជីវករ ផ្សារសាមគ្គីក្រុងក្រចេះ, អាជ្ញាធរខេត្តនឹងចេញលិខិតបញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់ ដែលអនុញ្ញាតឲ្យលក់ដូរអស់មួយជីវិត តកូន តចៅ។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook នាព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

សម្តេចបានលើកឡើងទៀតថា សម្តេចសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរ ប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា។ នេះហើយជាបំណងប្រាថ្នារបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖

នៅថ្ងៃទី ២៨ កក្កដា ព្រឹកមិញនេះ ខ្ញុំរីករាយណាស់ដែលបានចុះសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូនអាជីវករក្នុងផ្សារសាមគ្គីក្រុងក្រចេះ ក្នុងខេត្តក្រចេះ។ ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរ ប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា។ នេះហើយជាបំណងប្រាថ្នារបស់ខ្ញុំ។
ផ្សារសាមគ្គីក្រុងក្រចេះនេះគឺពីមុនត្រូវបានបំផ្លាញដោយអគ្គីភ័យ។

ខ្ញុំនិងសប្បុរសជនមួយចំនួនបានចរួមវិភាគទានសាងសង់ផ្សារនេះឡើងវិញដើម្បីអោយបងប្អូនបានបន្តការលក់ដូរចិញ្ចឹមគ្រួសារ។
ខ្ញុំសូមបញ្ជាក់ច្បាស់សារជាថ្មីជូនបងប្អូនអាជីវករនៃផ្សារសាមគ្គីក្រុងក្រចេះទាំងអស់ជ្រាបថា ផ្សារនេះគឺបងប្អូនអាចលក់ដូររហូតមួយជីវិត តកូន តចៅ។ អាជ្ញាធរខេត្តនឹងចេញលិខិតបញ្ជាក់ជូនបងប្អូនទាំងអស់អោយបានកក់ក្តៅក្នុងចិត្ត។

មុនចេញទៅផ្សារមួយទៀត ខ្ញុំបានថត Selfie ជាមួយបងប្អូនអាជីវករយ៉ាងសប្បាយរីករាយ។ សូមអរ គុណបងប្អូនទាំងអស់ដែលតែងតែគាំទ្រ និងគោរពស្រឡាញ់រូបខ្ញុំ។ សូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់ៗគ្នា៕