(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សប្រជាជនឲ្យបន្តគាំទ្រ និងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។
ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញបន្តចុះឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងការបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រយៈកាលជាង៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាកយ៉ាងល្អប្រសើរ និងកំពុងបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ទទួលបានការរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ។
ក្រៅពីការអំពាវនាវដល់សមាជិក សមាជិកបក្ស ឲ្យទៅបោះឆ្នោតលោក ជា ចាន់តូ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត
ស្របតាមពាក្សស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ៕