(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារសាលាបឋមសិក្សាឈើទាល ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីលោកអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍សង្ខេបបានឱ្យដឹងថាអគារសិក្សាថ្មីដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់កាលខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៣
នេះ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ១៦ម៉ឺន២ពាន់ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសម្ដេចក្រឡាហោម និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ដែលបានរម្លាំងសាមគ្គីគ្នាគាំទ្រ និងអភិវឌ្ឍន៍ស្រុកបាណន់។
សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
សម្ដេចបន្ថែមថា ព្រោះហេតុដូច្នេះហើយ ទើបក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ
៧ ខែមករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ និងដឹកនាំប្រទេស សម្រេចបានជោគជ័យដ៏ ធំធេង បង្កើតបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងប្រជាជន។
ផ្អែកលើមូលដ្ឋាននៃការដឹកនាំប្រទេសរបសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ,ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការអនុវត្តនយោបាយការបរទេសជាដើម។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមអត្តសញ្ញាបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោះនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងរលូន៕