(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ៤១២នាក់ មកពី ភូមិថ្មី ឃុំតាំងក្រសៅ និងភូមិស្អៀ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោក ឃឹង នុភាព បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានឃុំឈូក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយ និងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សនិងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើ ឱ្យការបោះឆ្នោតឱ្យបានរួចរាល់។
លោកបានបញ្ជាក់ថា ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្សដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិមាតុភូមិ។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។
នៅក្នុងឱកាសនោះ លោក ឃឹង នុភាព បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះដើម្បីបង្រៀនគូសសន្លឹកឆ្នោតសាកល្បង នៅក្នុងប្រអប់លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវផងដែរ ៕