(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបង្ហាញនូវភាពរំភើបសប្បាយរីករាយដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ប័ណ្ណសរសើរជូនដល់មន្ដ្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមកនេះ។

លោករដ្ឋមន្ដ្រីបន្ដថា «នេះជាសក្ខីភាពមួយក្នុងការផ្ដល់នូវសេចក្ដីទុកចិត្ដ របស់សម្ដេចតេជោ ដល់ក្រសួង ក៏ដូចជាមន្ដ្រីបុគ្គលិកសុខាភិបាល ដែលបានប្រតិបត្ដិនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយក៏ជាការងារមួយដែលយើងរៀនសូត្រផង និងដកបទពិសោធន៍ផង។ ការយកចិត្ដទុកដាក់ របស់ សម្ដេចតេជោ នាយករដ្ឋមន្រី្ដ គឺបានជំរុញលើកទឹកចិត្ដដល់បុគ្គលិកសុខាភិបាល ឱ្យខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋយើង ឱ្យកាន់តែប្រសើរឡើង»។

លោករដ្ឋមន្ត្រីបានយកឳកាសនោះរំលឹកអំពីការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លង ដែលប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតប ការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅកម្ពុជា ។

សមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ១៩ មិនទាន់ចប់នៅឡើយ ។

ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួម សហការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវន្ត ទោះបីជា ទូទាំង ប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនរីកចម្រើន ការលើកកម្ពស់ កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់។

លើសពីនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២២ ព្រមទាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទា ទូទាំងកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សា នៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និង ចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។

ឆ្លៀតក្នុងឳកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គដួងបានថ្លែងថា តាងនាមជាតំណាងឱ្យបុគ្គលិកមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈទាំងអស់ និងក្នុងនាមលោកផ្ទាល់ បានសម្តែងនូវការដឹងគុណក្រៃលែង និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ដែលមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានការណែនាំ និងចង្អុលបង្ហាញក្នុងការដាក់ឱ្យមន្ទីរពេទ្យព្រះអង្គឌួងជា មណ្ឌលព្យាបាលនិងសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺកូវី-១៩ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ យើងខ្ញុំបានគោរពនិងអនុវត្តតាមការណែនាំដោយមិនស្ទាក់ស្ទើរឡើយ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវមួយនេះ រហូតទទួលបានជោគជ័យគួរជាមោទនៈ៕