(ភ្នំពេញ)៖ ក្រសួងសាធារណការ នឹងដឹកជញ្ជូនបានរកឃើញថា ក្រុមហ៊ុន Hanshin Engineering and Construction របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ និងជួសជុលផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះទៅកាន់ព្រំដែនវៀតណាម មិនបានគោរពតាម កិច្ចសន្យាឲ្យបានត្រឹមត្រូវនោះឡើយ ហើយការសាងសង់ផ្លូវនៅចំណុចខ្លះ មិនបានគោរពទៅតាមលក្ខណបច្ចេកទេសផងដែរ។
ប្រភពសុំលាក់អត្តសញ្ញាណមួយ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ក្រុមហ៊ុន Hanshin Engineering and Construction បន្ទាប់ពីទទួលបានកិច្ចសន្យាហើយ មិនបានអនុវត្តការងារ ដោយខ្លួនឯងផ្ទាល់នោះឡើយ គឺក្រុមហ៊ុនមានគ្រឿងចក្រ និង បុគ្គលិកបន្តិចបន្តួចសម្រាប់ការងារតូចតាចដូចជាជួសជុលសំបុកមាន់ និងការងារសម្រួលចរាចរណ៍ប៉ុណ្ណោះ ដែលផ្ទុយពីការឯកសារដេញថ្លៃ របស់ខ្លួន ដែលអះអាងថាធ្វើការងារសាងសង់ និង ជួសជុលដោយខ្លួនឯង និងមានគ្រឿងចក្រគ្រប់ប្រភេទយ៉ាងតិច ២៦៣គ្រឿង សម្រាប់ការសាងសង់។
ប្រភពបន្តថា ក្រុមហ៊ុន Hanshin Engineering and Construction បានផ្តល់ការងារសាងសង់ ទៅឲ្យក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុត ធី ទៅវិញ។ ប្រភពអះអាងថា ការធ្វើបែបនេះ ជាការអនុវត្តផ្ទុយទាំងស្រុងពីលក្ខខណ្ឌ នៃកិច្ចសន្យា គឺផ្ទុយពីលក្ខខណ្ឌស្តីពីការជ្រើសរើសអ្នកម៉ៅការបន្ត, លក្ខខណ្ឌ ១៥.៦ ស្តីពីអំពើពុករលួយ ឬការលួចបន្លំ និងផ្ទុយពីសេចក្តីប្រកាស របស់ខ្លួនពាក់ព័ន្ធទៅនិងការប្រឆាំងអំពើពុករលួយ និងការលួចបន្លំ ដែលបានចែងក្នុងក្រឹត្យច្បាប់របស់ EDCF ស្តីពីការពង្រឹងការអនុវត្តកិច្ចសន្យា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ Fresh News ក្នុងពេលដឹកនាំមន្រ្តី ជំនាញ និងក្រុមហ៊ុនចុះទៅពិនិត្យការដ្ឋានសាងសង់ ផ្លូវជាតិលេខ២១ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនសាង សង់បានទទួលស្គាល់ថា មានចំណុចខ្វះខាត និងបានអនុវត្តផ្ទុយពីកិច្ចសន្យាសាងសង់ពិតប្រាកដមែន។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងនឹងធ្វើរបាយការណ៍មួយជូន ទៅរដ្ឋាភិបាលកូរ៉េពីភាពមិនប្រក្រតី របស់ក្រុមហ៊ុន ហើយក្រសួងនឹងចាត់វិធានការណ៍បន្ត បន្ទាប់ពីទទួលបានគោលការណ៍ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាអ្នកផ្តល់ប្រាក់កម្ចីសម្រាប់សាងសង់ផ្លូវនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ «យើងធ្វើរបាយការណ៍ទៅប្រទេសកូរ៉េ ឲ្យលោកដឹងពីបញ្ហា ដែលយើងមាន ហើយចង់ឲ្យយើងធ្វើយ៉ាងម៉េចទៀត? ចង់ឲ្យយើងផ្អាកដំណើរការ ក្រុមហ៊ុនសិន ឬឲ្យក្រុមហ៊ុនកែតម្រូវយ៉ាងណាទៅតាមនីតិវិធី ត្រូវតែធ្វើឲ្យបានត្រឹមត្រូវ។ យើងខ្ញុំមិនអាចទទួលថ្មបាក់នឹងមក ហើយទទួលរងគ្រោះរាជរដ្ឋាភិបាល ខូចមុខមាត់ដោយសារក្រុមហ៊ុន ដែលដេញថ្លៃបានមិនគោរពកិច្ចសន្យារបស់ខ្លួនទេ។ យើងមិនអាចទទួលបានទេអាហ្នឹងខូចមុខមាត់ប្រទេសជាតិ»។
លោក ស៊ុន ចាន់ថុល ក៏បានព្រមានចាត់វិធានការ ដាក់ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ ទៅក្នុងបញ្ជីខ្មៅមិនឲ្យមានឱកាសចូលរួម សាងសង់ទៀតឡើយ បើមិនគោរពតាមកិច្ចសន្យា។ក្នុងដំណើរចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវជាតិលេខ២១ ដែលដំណើរការបានរយៈពេលប្រមាណ ៤ខែមកហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ក្រុមការងារក្រសួងបានរកឃើញថា ការសាងសង់ផ្លូវនេះ នៅកន្លែងធ្វើគ្រឹះមិនបានត្រូវទៅបានបច្ចេក ទេសនោះឡើយ ហើយក្រសួង ក៏បានឲ្យក្រុមហ៊ុនជួសជុលឡើងវិញផងដែរ។
ក្នុងដំណើរចុះពិនិត្យការសាងសង់ ផ្លូវឆ្ពោះទៅកាន់ច្រកព្រំដែន ប្រទេសវៀតណាម លោក ស៊ុន ចាន់ថុល ក៏បានណែនាំក្រុមហ៊ុនសាងសង់ ឲ្យធ្វើការកែសម្រួលស្លាកសញ្ញាប្រុងប្រយ័ត្ន ប្រាប់ដំណឹង ក៏ដូចជាចំណាងផ្លាត នៅតាមការដ្ឋានផងដែរ។ ការណែនាំ ក៏ដោយសារតែការ ដាក់ស្លាកសញ្ញា និងចំណាំងផ្លាតមិនត្រឹមត្រូវនេះ បានធ្វើឲ្យអ្នកដំណើរមួយចំនួន ជួបគ្រោះថ្នាក់នៅតាមការដ្ឋានទាំងនោះ។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានធ្វើការធានាអះអាង និង សន្យាផងដែរថា លោកធ្វើការពិនិត្យឲ្យបានត្រឹមត្រូវបំផុតមុនទទួលយកផ្លូវពីក្រុមហ៊ុនក្រោយសាងសង់បញ្ចប់ ពោលគឺត្រូវតែពិនិត្យឲ្យផ្លូវមានគុណភាពត្រឹមត្រូវទៅតាមបច្ចេកទេស ហើយបើពិនិត្យឃើញកន្លែងមិន ត្រូវតាមបច្ចេកទេសទេ នឹងតម្រូវឲ្យក្រសួងសាងសង់ និងជួសជុលឡើងវិញ។ លោកបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនអាចទទួលយកផ្លូវ ដែលមិនមានគុណភាពត្រឹមត្រូវពីក្រុមហ៊ុនសាងសង់នោះឡើយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៦។ ផ្លូវនេះ មានប្រវែង ៦៣,៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦ លានដុល្លារ៕