(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យរបស់ខ្លួន ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ងី ម៉េង បានបង្ហាញនូវភាពរំភើបសប្បាយរីករាយដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ប័ណ្ណសរសើរជូនដល់មន្ដ្រីបុគ្គលិកទាំងអស់ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមកនេះ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលរួម និងដើរតួនាទីសំខាន់លើការងារទប់ស្កាត់ការព្យាបាល ការចាក់វ៉ាក់សាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងបានទទួលអ្នកជំងឺកូវីដ១៩សម្រាកសរុបចំនួន ៣,៥៥២នាក់ ធ្វើសំណាកបានចំនួនជាង៧ម៉ឺន៤ពាន់នាក់( ៧៤,១២៦)សំណាក និងធ្វើតេស្តរហ័សបានចំនួនជាង៦ម៉ឺន( ៦២,២២៦)តេស្ត។
ជាមួយគ្នានេះក្រុមគ្រូពេទ្យក៏ចូលរួមចំណែកជួយបណ្តុះបណ្តាលដល់ក្រុមគពេទ្យគិលានុបដ្ឋាក នៅតាមបណ្តាខេត្តនានាផងដែរ។
លើសពីនោះមន្ទីរពេទ្យក៏ទទួលបាននូវការកោតសរសើរ ពីរាជរដ្ឋាភិបាលអំពីការចូលរួមប្រយុទ្ធប្រឆាំង និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ក្នុងនោះផងដែរក្រុមគ្រូពេទ្យជំនាញ ដែលបានដឹកនាំព្យាបាលនៅមជ្ឈមណ្ឌលនានា ក៏បានទទួលនូវការទុកចិត្ត និងលើកទឹកចិត្តឲ្យក្លាយជាថ្នាក់ដឹកនាំនៅមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួន ក្រោមការចង្អុលបង្ហាញពីលោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការអន្តរក្រសួងប្រយុទ្ឋនឹងជំងឺកូវីដ១៩ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានគិតគូរហ្មត់ចត់ និងបានលើកទឹកចិត្ត ព្រមទាំងផ្តល់មធ្យោបាយគ្រប់បែបយ៉ាងដល់មន្ត្រី និងអង្គភាពក្រោមឱវាទ និង ពាក់ព័ន្ធទាំងអស់។
សូមជម្រាបថា ការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លង ប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតប ការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅកម្ពុជា។
សមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង៕