(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ធំនៅ​កម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុតស្វែងរកការគាំទ្រពីប្រជា​ពល​រដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏ដូចជាតំបន់ដទៃទៀតផងដែរ។ លោក ផារ៉ា មង្គល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មាររបស់គណបក្សប្រជាជន​កម្ពុជា បានដឹកនាំសមាជិក សមាជិកាបក្សធ្វើសកម្មភាពជាច្រើន​ដើម្បីស្វែងរក​ការគាំទ្រពី​ប្រជា​​ពលរដ្ឋជាម្ចាស់ឆ្នោត។

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក ផារ៉ា មង្គល បាន​អញ្ជើញទៅកាន់ភូមិមួយចំនួនក្នុងឃុំរការខ្នុរ និងឃុំជំនីក ដើម្បីសួរសុខ​ទុក្ខ​ប្រជា​​ពលរដ្ឋតាមខ្នងផ្ទះ និងក្រុមឃោសនិកគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានយកចិត្តទុកដាក់លើការបង្រៀន​ប្រជា​ពលរដ្ឋ​ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោក ក៏បានពន្យល់ប្រជា​ពល​រដ្ឋពីតម្លៃនៃការបោះឆ្នោតផងដែរ។

លោក ផារ៉ា មង្គល បានជម្រាបប្រជាពលរដ្ឋថា ការបោះឆ្នោតជាឱកាសដ៏​ពិសេសមួយសម្រាប់ប្រជាពលរដ្ឋជ្រើសរើសយកមេដឹកនាំ ដែលខ្លួនមើល​ឃើញមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ មានឧត្តមគតិ មានឆន្ទៈមនសិការ​ក្នុង​ការបម្រើជាតិ បម្រើប្រជាជន កសាងសង្គមជាតិ និងលើកម្ពស់ជីវភាពប្រជាព​ល​​រដ្ឋឱ្យកាន់តែល្អប្រសើរ។

លោក មង្គល ក៏បានលើកបង្ហាញពីស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកើតចេញពីគណបក្ស​ប្រជាជន​កម្ពុជា ដែលបានធ្វើឱ្យសង្គមកម្ពុជារក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ជាពិសេសការលើកកម្ពស់កិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍នានា ដូចជាការយកឈ្នះលើជំងឺកូវីដ១៩ ការធ្វើជា​ប្រធាន​អាស៊ាន និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។

ក្រោមសូចនាករទាំងអស់នេះ លោក ផារ៉ា មង្គល បានលើកទឹកចិត្តឱ្យប្រជា​ពល​រដ្ឋស្រុកក្រូចឆ្មារទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ហើយបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ រូបសញ្ញាទេវតាបាច​ផ្កា ដើម្បីធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខជាបន្តទៀត។

ក្នុងឱកាសជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនេះ លោក ផារ៉ា មង្គល ក៏បាន​ជួយ​ភ្ជាប់​តេឡេក្រាមរបស់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋផងដែរ។

លោកប្រធានគណៈពង្រឹងការងារ ក៏ឆ្លៀតចុះពិនិត្យដើមឈើចំនួន ២,៤០៧ ដើម នៅលើបឹងជីសែន ឃុំជំនីក ស្រុកក្រូចឆ្មារ ដែលបានដាំក្នុងឱកាស​ប្រារព្ធពិធី «រុក្ខ​ទិវា» កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោក ក៏បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំក្បួន​ហែរ​បក្សស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារនៅថ្ងៃអាទិត្យ ទី១៦ និងថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ផងដែរ៕