(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។
តាមរយៈ Twitter សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះ ក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះ បានរលាយដូចអំបិលត្រូវទឹកហើយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមប្រឆាំងថា «សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»។
សូមជម្រាបថា បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។
នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភាថៃ ដែលមានសមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជាបេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រត្រឹម៣២៤សំឡេងប៉ុណ្ណោះ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន។
មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣សំឡេងគាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ក្នុងចំណោមអាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភានិងព្រឹទ្ធសភា) សរុបចំនួន៧៤៩នាក់ ទើបអាចក្លាយជានាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយតំណាងរាស្រ្តថៃសរុបមានអាសនៈ៧៥០ ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេងភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។
គួរបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕