(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញមកទាត់ចោលការផ្សាយមួយរបស់វិទ្យុអាស៉ីសេរី (RFA) ដែលមានចំណងជើងថា «អង្គការខុមហ្វ្រែលរកឃើញ ក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សកាន់អំណាចប្រើឡានស្លាកលេខរដ្ឋ និងឡានដោះស្លាកលេខ»។ នេះបើយោងតាមសេចក្ដីបំភ្លឺ ដែលបណ្តាញ Fresh News ទទួលបាន។

សេចក្តីបំភ្លឺ បានឲ្យដឹងទៀតថា ទាំងរថយន្តម៉ាក Lexus 470 ពណ៌ស្ករ ទាំងស្លាកលេខ រដ្ឋ17 2-0731 ពុំមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់អង្គភាពណាមួយ ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ ក្រសួងកសិកម្ម ចាត់ទុកការប្រើប្រាស់ស្លាកលេខ រដ្ឋ17 2-0731 ថាជាស្លាកលេខក្លែងក្លាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកអ្នកក្លែងបន្លំមកទទួលខុសត្រូវចំពោះមុខច្បាប់៕