(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឧបាសិកា លី ប៉េងគី ម្ដាយបង្កើតរបស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានសេចក្តីក្តុកក្តួលរន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំ មរណភាពរបស់ ឧបាសិកា លី ប៉េងគី ត្រូវជាម្តាយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលឧបាសិកាបានទទួលមរណភាព នាថ្ងៃចន្ទ ៨រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០៥នាទី ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសិកា លី ប៉េងគី គឺជាការបាត់បង់នូវម្ដាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់ ពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ឯកឧត្តម និងក្រុមគ្រួសារ។ ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លី ប៉េងគី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»