(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់អាណាព្យាបាលរបស់ទារក និងកុមារ ទាំងអស់ ត្រូវតែយកកូនៗរបស់ខ្លួនមកចាក់ថ្នាំបង្ការឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវៀង ឆ្លងជំងឺផ្សេងៗ ដែលនឹងអាចកើតមានឡើងក្នុងរដូវធ្លាក់ភ្លៀងនេះផងដែរ។
លោករដ្ឋមន្ដ្រីបន្ដថា «ក្នុងរដូវធ្លាក់ភ្លៀងនេះ ទារក និងកុមារជាអ្នកដែលងាយប្រឈមនឹងជំងឺឆ្លងផ្សេងៗ យ៉ាងរហ័ស ពិសេស ជំងឺគ្រុនក្ដៅ ផ្ដាសាយ គ្រុនឈាម និងជំងឺផ្សេងៗទៀត ដូច្នេះសូមឲ្យមាតាបិតាដែលជាអាណាព្យាបាលរបស់កុមារទាំងអស់ ចាំបាច់ត្រូវតែយកកូនមកចាក់ថ្នាំបង្ការបានយ៉ាងតិច៨០% និងថែរក្សាបរិស្ថាននៅជុំវិញក្មេងឲ្យបានស្អាតបាត ពិសេសកុំឲ្យមានជម្រកម៉ូសខ្លា ដែលអាចមកខាំចម្លងជំងឺគ្រុនឈាមដល់កុមារ និងសម្អាតរបស់ប្រើប្រាស់ របស់ក្មេងលេងឲ្យបានស្អាត គ្រប់ពេលវេលា»។
លោក បន្ថែមថា ជាក់ស្ដែងក្នុងថ្ងៃនេះតែម្ដង គឺនៅមន្ទីរពេទ្យកុមារជាតិ បានសម្ពោធដាក់ឲ្យប្រើប្រាស់កន្លែងក្មេងលេង ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន SYAM Co.Ltd ដូច្នេះមាតាបិតារបស់កុមារ ត្រូវតែឲ្យកូនលាងដៃ មុនលេងនិងក្រោមពីលេងរួម ឲ្យបានស្អាតផងដែរ ។
គួរបញ្ជាក់ថា ក្រោមការចុះកិច្ចព្រមព្រៀងរវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន SYAM Co.Ltd កាលពីឆ្នាំ២០១៥កន្លងទៅនេះ ក្រុមហ៊ុនបានរៀបចំរួចរាល់ជាស្ថានពរចំនួន ១១មូលដ្ឋានសុខាភិបាល ដូចជា មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យខេត្ដសៀមរាប បាត់ដំបង កំពត តាកែវ ព្រះសីហនុ កំពង់ចាម និងមណ្ឌលសុខភាពរាជធានីភ្នំពេញ ដែលមាននៅមណ្ឌលសុខភាពមានជ័យ ចំការដូង ទឹកថ្លា និងមណ្ឌលសុខភាពគីឡូលេខ៦ ជាពិសេសនោះ គឺក្រុមបានផ្ដល់ខោទឹកនោមកុមារ ដល់មន្ទីរនៅកម្ពុជា ចំនួន៥០០០ខោ ក្នុងមន្ទីរពេទ្យ ក្នុងមួយឆ្នាំៗទៀតផង៕