(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យវិស័យអប់រំ មានការរីកចំរើនជាលំដាប់ ទាំងវិស័យឯកជន និងរដ្ឋ ដែលបានបង្កើតឱកាសឲ្យសិស្សកម្ពុជាមកពីតាមសាលានានា មានលទ្ធភាព និងសមត្ថភាពចូលប្រឡងប្រកួតប្រជែងកម្រិតពិភពលោក ហើយនាពេលកន្លងទៅសិស្ស និងនិស្សិតកម្ពុជាមិនតិចឡើយ ដែលទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ការប្រកួតទាំងនោះ។
ជាក់ស្តែង និងជាមោទកភាពមួយទៀតនោះគឺ សិស្សឆ្នើម១រូបទៀតរបស់កម្ពុជា មកពីសាលាអន្ដរជាតិ CIA FIRST ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ ក្នុងចំណោមសិស្សជាង ៨ម៉ឺននាក់ មកពី៤២ប្រទេស។
សិស្សឆ្នើម កម្ពុជា១រូបនេះ គឺជាយុវតី គា ឆរីតា ដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ បានប្រឡងជាប់ជ័យលាភីលេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស១គ្រឿង ក្នុងចំណោមសិស្សចូលរួម សរុបចំនួន២,២៣១នាក់ ដែលបានប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 កម្រិតសិស្សថ្នាក់ទី៧/៨។
បើតាមសេចក្ដីប្រកាសព័ត៌មាន សាលាអន្ដរជាតិ CIA FIRST ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្មវិធីខាងលើនេះ គឺរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ការប្រកួតនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងប្រទេសកម្ពុជា មានឱកាសវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនសូត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីភាពជោគជ័យ នៃបណ្តាប្រទេសនានាជុំវិញពិភពលោក។
តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតនេះ និងជាលើកទី២ ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួម។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 នេះគឺជាការប្រកួតលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបន្ថែមទៀតថា ការប្រកួតលំដាប់អន្តរជាតិនេះ មានសិស្សានុសិស្ស ចូលរួមសរុបប្រមាណជាជាង៨០,០០០នាក់ មកពី៤២ប្រទេស ជុំវិញពិភពលោក នៅឆ្នាំ២០២៣នេះ។
គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាព ព្រមទាំងចូលរួមអបអរសាទរចំពោះយុវតី គា ឆរីតា ដែលបាននាំមកនូវជ័យលាភីឯកកម្រិតសកលជូនខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។
គណៈគ្រប់គ្រងសាលា ក៏សូមបន្តជំរុញលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដទៃទៀត ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងជាពិសេសចូលរួមក្នុងការប្រកួតប្រជែងនានា ទាំងក្នុងក្របខណ្ឌប្រទេស និងក្របខណ្ឌអន្តរជាតិ៕