(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកំពត បានថ្លែងថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺសំដៅកាត់បន្ថយភាពក្រីក្រ, កាត់បន្ថយទំនាស់ដីធ្លីនៅក្នុងសង្គម និងជួយដល់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត សោម ពិសិដ្ឋ បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីនេះ បានរៀបចំប្រព្រឹត្តធ្វើឡើង នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចូលរួមពីសំណាក់ អភិបាលរងខេត្ត ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងក្រឡាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ ដល់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោងដីខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ក្នុងភូមិនីមួយៗក្នុងខេត្តកែប ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងមានទំនួលខុសត្រូវយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងថ្ងៃនេះគឺដើម្បីឲ្យបងប្អូនយល់ដឹងអំពីការដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី, ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី មន្ទីរ អង្គភាពដែលគ្រប់គ្រងដីរដ្ឋ។ លោកអភិបាលខេត្ត បានលើកបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីនេះ គឺត្រូវអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមស្នើឲ្យអ្នកដែលជាម្ចាស់ក្បាលដី ត្រូវរៀបចំឯកសារពាក់ព័ន្ធឲ្យបានរួចរាល ងាយស្រួលដល់ក្រុមការងារបច្ចេកទេសធ្វើប័ណ្ណកម្មសិទ្ធិជូនបងប្អូន។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់ក្រុមការងារបច្ចេកទេស ដូចខាងក្រោម៖

*១៖ មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់បាននោះទេ។
*២៖ ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ។
*៣៖ ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី៨ម៉ែត្រឡើងទៅ។

លោក ឈុំ ម៉ានី ប្រធានមន្ទីរស្តីទី រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានលើកឡើងក្នុងរបាយការណ៍រថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ចាប់ផ្ដើមដំបូង ការវាស់វាងក្បាលដីក្នុងក្រុងកែប និងស្រុកដំណាក់ចង្ហើរ រហូតមកដល់បច្ចុប្បន្ន សរុបបានចំនួន១៨ភូមិ ចែកប័ណ្ណកម្មសិទ្ធិ បាន ១៣ភូមិ ៤ភូមិទៀតរៀបចំបិទផ្សាយ និង១ភូមិ គឺភូមិចំការបី កំពុងប្រកាសតំបន់វិនិច្ឆ័យ។

សូមរំលឹកថា ភូមិចំការបីដែលជាភូមិធ្លាប់ចុះបញ្ជីដីធ្លីបទបញ្ជាលេខ ០១បប រួចមកហើយកាលពីឆ្នាំ២០១២ ដែលមានក្រុមយុវជនស្មគ្រចិត្ត សម្តេចតេជោ ហ៊ុន សែន មកជួយវាស់វែង រួមជាមួយមន្ត្រីរដ្ឋបាលក្រុង ស្រុក ផងដែរ តាមការប៉ាន់ស្មានភូមិចំការបី មានក្បាលដី ប្រមាណ ២,០០០ក្បាលដី។ 

ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកទទួលបានប័ណ្ណកម្មសិទ្ធិ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ៕